បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ភោជនីយដ្ឋាន​បារាំង​ក្នុង​ទីក្រុង​កា​ប៊ូល​

ចែករំលែក៖

​មន្ត្រី​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ភោជនីយដ្ឋាន​បារាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​កា​ប៊ូល​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​ និង​ជាង​១០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ ស្រាល​ ។​

afganistan (1)

​នេះ​ជា​ការ​វាយប្រហារ​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​សំដៅ​ទៅ​លើ​ភោជនីយដ្ឋាន​បារាំង​ ហី​ហោ​ Le​ Jardin​ ដែល​ជា​ភោជនីយដ្ឋាន​តូច​មួយ​ក្នុង​ចំណោម​ភោជនីយដ្ឋាន​ជា​ច្រើន​ទៀត​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ ហើយ​ដែល​ជា​និច្ចកាល​មាន​ជនបរទេស​ចេញ​ ចូល​ច្រើន​នោះ​ ។​

​ក្រុម​គ្រូពេទ្យ​ និង​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​បាន​បញ្ជាក់​ថា​ មនុស្ស​១៥​នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ ហើយ​ថា​ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ ខណៈ​ដែល​កាលពី​២​ឆ្នាំ​កន្លង​មកនេះ​ ការ​វាយប្រហារ​អត្តឃាត​ត្រូវ​បាន​ជនល្មើស​ធ្វើ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​ជនជាតិ​លី​បង់​ម្នាក់​នៅ​ក្នុង​ទីក្រុង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២១​នាក់​ ក្នុង​នោះ​មាន​និវត្តជន​១៣​នាក់​ផង​ដែរ​ ។​ ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​អង្គការ​អន្តរជាតិ​មានការ​ស្រងាកចិត្ត​ និង​បាន​ដក​បុគ្គលិក​របស់​ខ្លួន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ ក៏​រឹត​បន្តឹង​បញ្ហា​សន្តិសុខ​ក្នុង​បរិវេណ​របស់​ខ្លួន​ជាដើម​ ។​

​ក្រោយ​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ប៉ុន្មាន​ម៉ោង​ ប៉ូលិស​ និង​កងកម្លាំង​សន្តិសុខ​រាប់រយ​នាក់​ត្រូវ​ដាក់​ពង្រាយ​ និង​បិទ​ទីតាំង​ភោជនីយដ្ឋាន​ខាងលើ​នេះ​ ហើយ​នៅ​ពេល​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​ជនល្មើស​នោះ​ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់​ផង​ដែរ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​

​កាលពីដើម​ស​ប្តា​ហ៍​មុន​នេះ​ ជន​ស៊ី​វិល​ម្នាក់​បាន​ស្លាប់​ និង​៣៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ដោយសារ​តែ​ការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​ស្ថិត​នៅ​ជិត​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​កា​ប៊ូល​ ។​ កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ​ ទាហាន​អា​មេ​រិ​ក​៦​នាក់​បាន​បាត់បង់​ជីវិត​ ខណៈ​ដែល​ពួក​គេ​ដើរ​ល្បាត​នៅ​ជិត​បន្ទាយ​អាកាស​ Bagram​ ខាងក្រៅ​ទីក្រុង​កា​ប៊ូល​ ហើយ​កាលពី​ខែ​មុន​នោះ​ដែរ​ ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​បាយ​វាយប្រហារ​នៅ​ស្ថានទូត​អេ​ស្ប៉ា​ញ​ក្នុង​ទីក្រុង​កា​ប៊ូល​ផង​ដែរ​ ។​

​ការ​វាយប្រហារ​នេះ​បាន​កើតឡើង​ខណៈ​ដែល​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​មានដំណើរ​ការ​ ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់​ឡើង​វិញ​ បន្ទាប់​ពី​មានការ​អាក់​ខានទៅ​វិញ​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ដោយសារ​ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​ឧទ្ទាម​តា​លី​បង់​ឈ្មោះ​ Mullah​ Mohammad​ Omar​ នោះ​ ។​

​មន្ត្រី​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ប៉ា​គី​ស្ថាន​ អា​មេ​រិ​ក​ និង​ចិន​ នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នា​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ក្នុង​គោលបំណង​ទម្លុះទម្លាយ​ឲ្យ​បាន​នូវ​ភាព​ជាប់​គាំង​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​នោះ​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ ក៏​ក្រុម​ឧទ្ទាម​តា​លី​បង់​ដែល​កំពុង​តែ​ប្រយុទ្ធ​គ្នា​ឯង​ដើម្បី​ដណ្តើម​តំណែង​គ្នា​ ក្រោយ​ពី​មេដឹកនាំ​របស់​ពួក​គេ​បាន​បាត់បង់​ជីវិត​នោះ​បាន​ច្រាន់​ចោលការ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ ខណៈ​ដែល​កងទ័ព​បរទេស​នៅ​តែ​នៅ​មាន​វត្តមាន​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ដដែល​នោះ​។​

​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Ashraf​ Ghani​ បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ខាងលើ​នេះ​ ៕​

afganistan

afganistan (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print