ខេត្តកណ្តាល៖ ក្មេងប្រុស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកកែវសានក្រុងតាខ្មៅ បន្ទាប់ពីក្មេងប្រុសទាំង២នាក់នេះជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យម៉ូតូបើកបរច្រាស់ទិសគ្នាបុកពេញមួយទំហឹង ។
កាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១A ត្រង់ចំណុចខាងមុខពិពណ៌អចិន្ត្រៃយ៍ ស្ថិតក្នុងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងប្រុស២នាក់ដែលរងរបួសនោះទី១-ឈ្មោះ សេង ថមមី ភេទប្រុស អាយុ១៥ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) មានទីលំនៅក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ទី២-ឈ្មោះ សៀវ សុភ័ក្ត្ររាជ ភេទប្រុស អាយុ១៥ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ក្មេងប្រុសទាំង២នាក់ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AC-3342 ។ ចំណែកឯភាគីម្ខាងទៀតម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-3655 អ្នកបើកបរដោយឈ្មោះ ដោក ស៊ិនលី ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញក្មេងប្រុសទាំង២នាក់ខាងលើជិះម៉ូតូម៉ាកហុងដាស្គុបពីឌុបគ្នាបើកបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានកាច់ចង្កូតបត់ឆ្វេងទៅទិសខាងលិចដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូម៉ាហុងដាឌ្រីមបើកបរច្រាស់ទិសគ្នាគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹង ធ្វើឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវ ។ ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូស្គុបពី និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកកែវសានក្រុងតាខ្មៅ ។ ដោយឡែកអ្នកបើកបរម៉ូតូហុងដាឌ្រីមរងរបួសស្រាលពុំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះទេ ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ