វិវាទនយោបាយឈានដល់មហាបាតុកម្មអូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ាក់បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់ពាន់នាក់ ។ ហេដ្ឋារចនាសម្ព័ន្ធវិញ ត្រូវបានបំផ្លាញ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។
ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Abdul Mahdi បានប្រកាសលាលែងចេញពីតំណែង ក្នុងពេលដែល ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ក្លាយទៅជាអំពើហិង្សាទ្រង់ទ្រាយធំ។ មកទល់ពេលនេះមានមនុស្ស៤០០នាក់ស្លាប់ ពាក់ព័ន្ធបាតុកម្ម។
នាយករដ្ឋមន្ត្រី Abdul Mahdi បានបញ្ជាក់កាលពីថ្ងៃទី២៩ខែវិច្ឆិកាថា «ខ្ញុំបានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការឡើងទៅកាន់រដ្ឋសភាជាតិ ដើម្បីឲ្យសភាជ្រើសរើសបុគ្គលថ្មីមកជំនួសដឹកនាំប្រទេសជាតិ ជាបន្តទៀត។
ការិយាល័យនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការសម្រេចខាងលើរបស់ លោក Abdul Mahdi ក្រោយពេល មេដឹកនាំសាសនានិកាយស៊ីអ៊ីនលោក Al Sistani បានអំពាវនាវឲ្យផ្លាស់ប្តូរថ្នាក់ដឹកនាំដើម្បីរំងាប់ រលកបាតុកម្មហិង្សានៅក្នុងប្រទេសនេហ។
នាយករដ្ឋមន្ត្រី Abdul Mahdi ឡើងកាន់តំណែងកាលពីខែតុលាឆ្នាំ២០១៨ ហើយនៅរយៈពេលជាង១ឆ្នាំទៀតទើបលោកអស់អាណត្តិ។ តាមគម្រោង សភា អ៊ីរ៉ាក់នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១ខែធ្នូ ដើម្បីកំណត់ពេលវេលាឲ្យនាយករដ្ឋមន្ត្រីចាកចេញក៏ដូចជា ជ្រើសរើសអ្នកថ្មីមកជំនួស។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបញ្ជាក់ថា មានមនុស្ស ៤០០នាក់ស្លាប់ នៅក្នុងការប៉ះទង្កិចដោយហិង្សា ដុតបំផ្លាញទីសាធារណៈ ។ ក្រុមបាតុករបានអំពាវនាវ ឲ្យកែទម្រង់ប្រព័ន្ធដឹកនាំ រំលាយរដ្ឋាភិបាល ជ្រើសរើសមេដឹកនាំថ្មី បញ្ចប់អំពើពុករលួយ ៕