នាយឧត្តមសេនីយ៏ វង្ស ពិសេន ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៏ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៏ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាកាលពីពេលថ្មីៗនេះរវាង លោក ផាទ្រីក ម៊ួរហ្វី ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតសំខាន់លើការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ ជាពិសេសសារលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ដែលបានបញ្ជាក់ច្បាស់ពីគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការ បានអះអាងពីការបន្តសហការល្អជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ក៏ដូចជាកិច្ចសហការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ។ នាយឧត្តមសេនីយ៏ ក៏បានសំណូមពរដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះការពង្រឹងកិច្ចប្រតិបត្តិការនៃកម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មការងារមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាកិច្ចឆ្លើយតប លោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) បានយល់ស្របនូវការលើកឡើងរបស់នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការ ក្នុងការពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ។ ដោយឡែកលើវិស័យយោធា សហរដ្ឋអាមេរិកបានគាំទ្រដល់ការជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា រួមនឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀតនៃវិស័យយោធានាពេលខាងមុខ ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរនូវព័ត៌មានកន្លងមក ដែលបានផ្សព្វផ្សាយថាកម្ពុជាបានអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ហើយដែលបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការបដិសេធជាច្រើនដងរួចមកហើយដែរ ក្នុងនោះថែមទាំងបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនស្ថាប័ន ចុះទៅពិនិត្យដល់កន្លែងដែលមានការសង្ស័យទៀតផង។ ឯកអគ្គរដ្ឋទូតបានចាត់ទុកការផ្សាយពត៌មាននេះគឺជាការមិនពិត ហើយដែលចង់ធ្វើឲ្យបាត់បង់ស្ថេរភាពតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៏ វង្ស ពិសេន ក៏បានបញ្ជាក់ច្បាស់ជាថ្មីម្តងទៀត នូវរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនមានមាត្រាណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់កម្ពុជានោះទេ ហើយក៏មិនអនុញ្ញាឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសនោះដែរ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print