សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ​រំឭក​អំពី​គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​រំឭក​អំពី​គូព្រេង​មិន​ព្រាត់​ អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ​ខាងក្រោម​នេះ​ គឺ​ខ្លឹមសារ​ទាំងស្រុង​ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​សូម​លើកយក​មក​ចុះ​ផ្សាយ​ដូច​តទៅ​៖

«​គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​

(​វគ្គ​១)

​ថ្ងៃ​ទី​៥​ ខែ​ មក​រា​ ឆ្នាំ​ ២០១៥​ ជា​ខួប​ ៤០​ ឆ្នាំ​ នៃ​អា​ពា​ហ៏​ពិ​ពា​ហ៏​របស់ខ្ញុំ​ និង​ភរិយា​ (៥​មក​រា​១៩៧៦-៥​មក​រា​២០១៦)​។​ បើ​និយាយ​ពី​ជីវិត​ប្តី​ប្រ​ពន្ទ​វា​ជា​រឿង​ធម្មតា​ខ្លាំង​ណាស់​សំរាប់​ជីវិត​មនុស្ស​ទូទៅ​ តែ​សំរាប់​ខ្ញុំ​និង​ភរិយា​វា​ជា​រឿង​មិនធម្មតា​ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ចម្លែក​រហូត​ចាត់​ទុក​ថា​ទេវតា​ផ្សំផ្គុំ​ ឬ​គូព្រេង​ទៀត​ផង​។​ ខ្ញុំ​គួរ​ចាប់ផ្តើម​ពី​ចំណុច​ថា​ តើ​ខ្ញុំ​និង​ភរិយា​ស្គាល់គ្នា​និង​ជួប​គ្នា​ដោយ​របៀប​ណា​?​ គ្រូ​ទោះ​ទាយ​តែងតែ​ទោះ​ទាយ​ឱ្យ​ខ្ញុំ​ថា​ គូរ​ព្រេង​របស់ខ្ញុំ​នៅ​ក្រោម​ខ្សែទឹក​ហូរ​ ជា​របៀប​និយាយ​នៃ​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​មាន​ន័យ​ថា​ ភរិយា​ខ្ញុំ​នឹង​មាន​ទីលំនៅ​ នៅ​ក្រោម​ចរន្តទឹក​ហូរ​ តែ​ផ្ទុយ​ទៅ​វិញ​ភរិយា​ខ្ញុំ​បែរជា​មាន​ទីលំនៅ​លើ​ចរន្តទឹក​ហូរ​ទៅ​វិញ​។​ ប្រៀបធៀប​ភូមិសាស្ត្រ​នៃ​ ភូមិ​ ពាម​កោះ​ស្នា​ ឃុំ​ពាម​កោះ​ស្នា​ ស្រុក​ស្ទឹង​ត្រង់​ ដែល​ជា​ភូមិកំណើត​របស់ខ្ញុំ​ និង​ ភូមិ​រកា​ខ្នុរ​ ឃុំរ​ការ​ខ្នុរ​ ស្រុក​ក្រូចឆ្មា​ ដែល​ជា​ភូមិកំណើត​របស់​ភរិយា​ខ្ញុំ​នៅ​ម្ខាង​ទន្លេ​ម្នាក់​ឃើញ​ថា​ ភូមិ​ខ្ញុំ​នៅ​ក្រោម​ខ្សែទឹក​នៃ​ភូមិ​ភរិយា​ខ្ញុំ​៣​ទៅ​៥​គីឡូម៉ែត្រ​ឯណោះ​។​

​ពេល​នេះ​ខ្ញុំ​និយាយ​ដល់​រឿងរ៉ាវ​ដែល​បាន​កើត​ក្នុង​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​។​ នៅ​ប្រមាណ​ដើមឆ្នាំ​១៩៧៣​អង្គភាព​របស់ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ចេញពី​ស្រុក​មេមត់​ទៅ​កាន់​ស្រុក​ត្បូងឃ្មុំ​តាម​ដង​ទន្លេមេគង្គ​ មាន​ឃុំ​ជី​រោ​ ឃុំ​បឹង​ព្រួល​ ឃុំ​ពាមជីលាំង​ ឃុំ​ ថ្ម​ពេជ្រ​ ឃុំ​ស្រែ​សៀម​។​ល​។​ បន្ទាប់​ពី​បាន​ប្រ​យុ​ទ្ឋ​នៅ​លើ​សមរភូមិ​ជា​ច្រើន​តាម​ផ្លូវជាតិ​លេខ​៧​ ក្នុង​ចន្លោះ​ស្រុក​ស្នួល​ខេត្តក្រចេះ​មក​ស្រុក​មេមត់​និង​ស្រុក​ពញ្ញាក្រែក​ខេត្តកំពង់ចាម​ ដែល​ពួក​ខ្ញុំ​ប្រ​យុ​ទ្ឋ​ភាគច្រើន​ជាមួយ​កងទ័ព​ឈ្លានពាន​វៀតណាម​ខាងត្បូង​និង​កង​ពេល​ខ្លះ​ជាមួយ​កងទ័ព​អា​មេ​រិ​ក​ និង​ វៀតណាម​ខាងត្បូង​ សំខាន់​ក្នុង​ឆ្នាំ​១៩៧០​ ដល់​ចុងឆ្នាំ​១៩៧១​។​

​ពេល​នោះ​ខ្ញុំ​ទើប​អាយុ​បាន​២១​ឆ្នាំ​។​ ឯ​ភរិយា​ខ្ញុំ​ទើប​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។​ ខ្ញុំ​និង​ភរិយា​របស់ខ្ញុំ​មិន​ដែល​ស្គាល់គ្នា​ទាល់តែ​សោះ​ កុំ​ថា​ឡើយ​មុខមាត់​សូ​ម្បី​តែ​ឈ្មោះ​ក៏​មិន​ដែល​ស្គាល់​ឬឮ​ផង​។​ ល្ងាច​ថ្ងៃមួយ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ដាំបាយ​ដែល​ជា​វេន​ដាំ​ស្ល​របស់ខ្ញុំ​ ស្រាប់តែ​យុ​ទ្ឋ​ជន​របស់ខ្ញុំ​ម្នាក់​ដែល​ទើបនឹង​ចេញពី​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​មក​ប្រាប់​ខ្ញុំ​ថា​ សោ​ផ្តាំ​សួរសុខទុក្ខ​។​ អ្នក​តាម​ដង​ទន្លេ​ពាក្យ​ (​សោ​គឺជា​បងថ្លៃ​ស្រី​)​ ខ្ញុំ​មិន​តបត​ឬ​សួរនាំ​អ្វី​ទាំងអស់​ និង​ឱយ​យុ​ទ្ឋ​ជន​រូប​នេះ​ជួយ​ចិត្ត​ផ្លែ​ចេក​ព្រោះ​ត្រូវធ្វើ​សម្លរ​ប្រហើរ​ផ្លែ​ចេក​។​

​ស្អែក​ឡើង​មាន​យុ​ទ្ឋ​ជន​ផ្សេង​ដែល​ទើប​ចេញពី​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​និយាយ​រឿង​នេះ​ដូច​គ្នា​ និង​ជា​បន្តបន្ទាប់​មាន​យុ​ទ្ឋ​ជន​ កម្មាភិបាល​កាន់តែ​ច្រើន​ និយាយ​ពាក្យ​សោ​ផ្ដាំ​សួរសុខទុក្ខ​។​ ចំណែក​ខាង​ភរិយា​ខ្ញុំ​ក៏​បាន​ទទួល​ពាក្យ​ពី​យុ​ទ្ឋ​ជន​របស់ខ្ញុំ​វិញ​ថា​ មេបញ្ជាការ​របស់ខ្ញុំ​ផ្ដាំ​សួរសុខទុក្ខ​ អ្នកគ្រូ​ពេទ្យ​រហូត​យុ​ទ្ឋ​ជន​ខ្លៈ​ហ៊ាន​ប្រើ​ពាក្យ​សោ​ឬ​បងថ្លៃ​ ដែល​ពាក្យ​នេះ​បាន​ធ្វើ​ឱ្យ​ អ្នកគ្រូ​ពេទ្យ​ក្រមុំ​ខឹង​និង​ខ្ញុំ​យ៉ាង​ខ្លាំង​។​

​នេះ​ជា​ល្បែង​ផ្សំផ្គុំ​ដ៏​មាន​គ្រោះថ្នាក់​សំរាប់​វិន័យ​កងទ័ព​នា​ពេល​នោះ​ ប្រសិនបើ​យើង​មិន​មានការ​យោគយល់​ពី​មេបញ្ជាការ​របស់​យើង​ទេ​នោះ​។​ ជា​កុសល​ល្អ​ ខ្ញុំ​តែង​មាន​មេបញ្ជាការ​ប្រកបដោយ​មេត្តាធម៌​ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​សុក​ សា​រឿ​ន​ បច្ចុប្បន្ន​ជា​ឧត្តមសេនីយទោ​ និង​ជា​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤​ គាត់​ជា​មនុស្ស​សំខាន់​ម្នាក់​ដែល​ដឹង​រឿងរ៉ាវ​ក្នុង​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​។​ ឯខ្ញុំ​ក៏​ដឹង​រឿងរ៉ាវ​គាត់​ច្រើន​ដែរ​ ក្នុង​រឿង​គាត់​ជាក​ម្លោះ​ចាស់​ចង់បាន​ប្រ​ព​ន្ឋ​ក្មេង​។​

​ថ្ងៃ​ទី​២៣​ ខែ​ មិ​នា​ ឆ្នាំ​ ១៩៧៣​ មានការ​ប្រ​យុ​ទ្ឋ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣​ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ដឹកនាំ​ដោយ​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ។​ ពួក​យើង​បាន​វាយ​បន្ទាយ​ទន្លេ​បិទ​ដែល​អង្គភាព​

​របស់ខ្ញុំ​ក្រោម​បញ្ជារ​របស់​បងប្រុស​ សុក​ សា​រឿ​ន​ ត្រូវ​វាយ​ពី​ទិស​ខាងជើង​ ដែល​ពេល​នេះ​គឺជា​តំបន់​គល់​ស្ពាន​គី​ស្យូ​ណា​។​ យើង​ចាញ់​ធ្ងន់ធ្ងរ​រហូត​បាក់ទ័ព​។​ យុ​ទ្ឋ​ជន​មួយ​ចំនួន​ពលី​ជីវិត​ មួយ​ចំនួន​ទៀត​ត្រូវ​របួស​ដែល​បងប្អូន​ទាំងនោះ​ត្រូវ​បញ្ជូន​មក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​ ដែល​ជា​មន្ទីរពេទ្យ​កំពុង​មាន​បញ្ហា​ជាមួយ​ខ្ញុំ​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រ​យុ​ទ្ឋ​យប់​ថ្ងៃ​ទី​២៣​ ខែ​ មិ​នា​ ឆ្នាំ​ ១៩៧៣​ គឺជា​លើក​ដំបូង​ហើយ​ ដែល​ខ្ញុំ​វាយ​ជាមួយ​កងទ័ព​ខ្មែរ​គ្នា​ឯង​តាម​នយោបាយ​ខ្មែ​រូប​នី​យ​កម្ម​សង្គ្រាម​នៅ​កម្ពុជា​ បន្ទាប់​ពី​អា​មេ​រិ​ក​និង​វៀតណាម​ខាងត្បូង​ដក​កងទ័ព​ថ្មើរជើង​ចេញពី​កម្ពុជា​ តែ​នៅ​បន្ត​វាយ​កម្ពុជា​តាម​កងទ័ព​ជើង​អាកាស​។​ ការ​ប្រ​យុ​ទ្ឋ​រាប់​សិប​លើក​មុនៗ​គឺ​វាយ​ជាមួយ​កងទ័ព​ឈ្លានពាន​អា​មេ​រិ​ក​ ពិសេស​គឺ​កងទ័ព​វៀតណាម​ខាងត្បូង​ដែល​បោះទ័ព​តាម​ផ្លូវជាតិ​លេខ​៧​ ម្ដុំ​ ស្អំ​ អំពុក​ក្រែក​។​ល​។​ នៅ​ពេល​កម្មាភិបាល​យុ​ទ្ឋ​ជន​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​របួស​ និង​ជម្ងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​ ក្នុង​ឋានៈ​ជា​មេបញ្ជាការ​របស់​ពួក​គេ​ ខ្ញុំ​ត្រូវ​ទៅ​សួរសុខទុក្ខ​ពួក​គេ​។​ ពេល​ចូល​ដល់​មន្ទីរពេទ្យ​ដែល​នៅ​ជាប់​និង​មាត់ទន្លេ​មេគង្គ​ ខ្ញុំ​ដើរ​សួរសុខទុក្ខ​យុ​ទ្ឋ​មិត្ត​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ទាំងអស់​ ដោយ​មាន​នំអន្សមចេក​ចែក​ជូន​២​ម្នាក់​ស្មើៗ​គ្នា​ដោយ​គ្មាន​ការ​រើសអើង​អង្គភាព​។​ ចុង​ក្រោយ​ទើប​ខ្ញុំ​ទៅ​សួរសុខទុក្ខ​សំឡាញ់​ខ្ញុំ​ម្នាក់​ដែល​របួស​ជើង​ទាំង​សងខាង​ ដែល​ខ្ញុំ​បាន​អូស​ផង​លី​ផង​យក​ចេញពី​សមរភូមិ​នា​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែ​ មិ​នា​ ឆ្នាំ​ ១៩៧៣​។​ សំឡាញ់​ម្នាក់​នេះ​កំសត់កម្រ​ជាមួយ​គ្នា​តាំងពី​សមរភូមិ​ទី​១​ វាយ​ទ័ព​អា​មេ​រិ​ក​ និង​វៀតណាម​ខាងត្បូង​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​ ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​១៩៧០​ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចូល​មក​កាន់កាប់​ផ្លូវជាតិ​លេខ​៧​ ពី​សំណាក់​កងទ័ព​ឈ្លានពាន​។​ គាត់​គឺជា​មនុស្ស​កំប្លែង​ស្ងួត​ សំឡាញ់​ខ្ញុំ​មិន​ត្អូញត្អែរ​ជាមួយ​មុខរបួស​គាត់​ទេ​ គាត់​បែរជា​និយាយ​មក​កាន់​ខ្ញុំ​ថា​ បូ​ណា​ល់​ (​ហ៊ុន​ បូ​ណា​ល់​ ជា​ឈ្មោះ​ដើម​របស់ខ្ញុំ​ និង​ហៅ​ក្រៅ​ថា​ “​សែន​”​ ពេល​នោះ​ខ្លះ​ហៅ​ “​សែន​”​ ខ្លះ​ហៅ​ “​បូ​ណា​ល់​”)​ គ្រូពេទ្យ​ ”​រា​នី​”​ ពិតជា​ស្អាត​។​ បើ​ឯង​មិន​ត្រូវការ​ទេ​ទុក​ឱ្យ​អញ​ដណ្តឹង​យក​តែ​ប្រហែលជា​ទៅ​មិន​រួច​ទេ​បើ​អញ​ខ្មៅ​យ៉ាងនេះ​ដូច​ក្អែក​ពាំ​ពងមាន់​ ហើយ​ព្រោះ​រ៉ា​នី​ស​ស្អាត​ណាស់​។​ ពេល​ឮឈ្មោះ​ ”​រា​នី​”​ ខ្ញុំ​ក៏​សួរ​ថា​ “​រ៉ា​នី​ហ្នឹង​ជា​អ្នក​ណា​គេ​?​ សំឡាញ់​ខ្ញុំ​ឆ្លើយ​ភ្លាម​ថា​ ក្រែង​នារី​ដែល​ឯង​ស្រឡាញ់​នោះ​អី​ បន្តិចទៀត​គាត់​មក​លាង​របួស​ឱ្យ​អញ​ហើយ​ ចាំ​ជួប​គ្នា​នៅ​ហ្នឹងហើយ​។​ ខ្ញុំ​ជេរ​សំឡាញ់​ខ្ញុំ​ថា​អា​ឆ្កួត​។​ ដោយ​ប្រ​ញ៉ាប់​ឆ្លងទន្លេ​ពី​ឃុំ​ក្រូចឆ្មា​ ដែល​ជាទី​តាំង​មន្ទីរពេទ្យ​ទៅ​ឃុំ​ពាម​កោះ​ស្នា​ដើម្បី​សួរសុខទុក្ខ​ឳ​ពុក​ ម្តាយ​ ក្រុម​គ្រួសារ​ដែល​បែក​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ​នោះ​ ខ្ញុំ​ក៏​ប្រ​ញ៉ាប់​ចាក​ចេញពី​មន្ទីរពេទ្យ​ដោយ​មិន​ទាន់​ស្គាល់​មុខ​រ៉ា​នី​យ៉ាងណា​ផង​ ហើយ​ក៏​មិន​ចង់​ស្គាល់​ដែរ​ ព្រោះ​ខ្លាច​មានរឿង​។​ នេះ​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ស្គាល់ឈ្មោះ​នារី​ម្នាក់​ ដែល​ក្រោយមក​បាន​ក្លាយជា​ភរិយា​ខ្ញុំ​រយះ​ពេល​៤០​កន្លង​មកនេះ​។​

​ហេតុតែ​និស្ស័យ​ ខំប្រឹង​គេចវេស​ ទោះ​ខ្ញុំ​ត្រូវ​របួស​ភ្លៅ​ដោយ​អំបែង​គ្រាប់​ផ្លោង​ក្នុង​អំឡុង​ខែ​វិ​ច្ចិ​កា​ ឆ្នាំ​១៩៧៣​ ក៏​ខ្ញុំ​មិន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​ដែរ​ ខ្លាច​ជួប​មុខ​រ៉ា​នី​នេះ​។​ តែ​ពាក្យ​ចចាមអារ៉ាម​កាន់តែ​ធំ​ទៅៗ​ ធ្វើ​ឱយ​ខ្ញុំ​រង​ក្តី​អាម៉ាស់​ប្រឈម​និង​បញ្ហា​វិន័យ​កាន់តែ​ខ្លាំង​។​ ចំណែក​ខាង​រ៉ា​នី​វិញ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៅ​ទៀត​ ព្រោះ​នាង​ជា​មនុស្ស​ស្រី​ បើ​មិន​រង​ខាង​វិន័យ​ទេ​ក៏​មាន​ផល​ប៉ះពាល់​ខាង​សីលធម៌​ដែរ​។​ មនុស្ស​ប្រុស​ ស្រី​២​នាក់​ហើយ​សុ​ទ្ឋ​តែ​ក្រមុំ​ក​ម្លោះ​ដូច​គ្នា​មិន​ដែល​ស្គាល់គ្នា​តែ​មានការ​គិត​ដូច​គ្នា​ គឺ​ខ្ញុំ​បាន​ស្នើរ​សុំ​មេបញ្ជាការ​របស់ខ្ញុំ​បង​ សុខ​ សា​រឿ​ន​ដើម្បី​ទៅ​ជួប​ដោះស្រាយ​ផ្ទាល់​នៅ​ស្រុក​ក្រូចឆ្មា​។​ ប្រហែល​២​ថ្ងៃក្រោយ​រ៉ា​នី​បាន​ផ្តាំ​តាម​អ្នក​ទទួលខុសត្រូវ​ពេទ្យ​នៅ​សមរភូមិ​ឱ្យ​ខ្ញុំ​ប្រ​ញ៉ាប់​ទៅ​កាន់​ស្រុក​ក្រូចឆ្មា​ដើម្បី​ដោះស្រាយ​ការ​យល់​ច្រឡំ​នេះ​។​

​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពេល​ព្រឹក​ ពេល​រសៀល​ខ្ញុំ​ជួប​បង​ សុក​ សា​រឿ​ន​ មេបញ្ជាការ​របស់ខ្ញុំ​ទទូច​សុំ​គាត់​ឱ្យ​ជូន​ខ្ញុំ​ទៅ​ស្រុក​ក្រូចឆ្មា​នា​ពេល​ល្ងាច​នោះ​តែ​ម្ដង​។​ ដោយ​យល់ចិត្ត​នាយ​ទា​ហ៊ាន​ថ្នាក់​ក្រោម​ដែល​ជួយ​ការងារ​គាត់​យ៉ាងច្រើន​លើ​ការងារ​ ហើយ​ប្រហែលជា​គាត់​កំពុង​ស្វែង​យល់ចិត្ត​និង​សាច់ញាតិ​នារី​ម្នាក់​ដែល​គាត់​ស្រឡាញ់​ផង​ដែរ​នោះ​ បង​ សុក​ សា​រឿ​ន​ ក៏​សំរេចចិត្ត​ភ្លាម​ហើយ​ចេញដំណើរ​ភ្លាម​ ដែល​ដើម​ឡើយ​ទាំង​គាត់​ទាំង​ខ្ញុំ​គិត​ថា​នឹង​ត្រឡប់​មក​វិញ​ទាំង​យប់​។​

​ពួក​យើង​ចេញដំណើរ​ម៉ោង​ប្រហែល​ជិត​៣​ល្ងាច​ ពី​ឃុំ​បឹង​ព្រួល​ស្រុក​ពាមជីលាំង​ ទៅ​ឃុំ​ក្រូចឆ្មា​ ស្រុក​ក្រូចឆ្មា​ដោយ​ម៉ូតូ​ហុងដា​ CL90​។​ សុំ​បញ្ជាក់​ថា​ ក្រោយ​ឆ្នាំ​១៩៧០​ តំបន់​រំដោះ​នា​ខេត្តកំពង់ចាម​ត្រើយ​ខាងកើត​ទន្លេមេគង្គ​គឺជា​ផ្នែក​មួយ​នៃ​ភូមិភាគ​បូព៌ា​ទិស​២០៣​ តំបន់​ដែល​ខ្ញុំ​រស់នៅ​គឺ​តំបន់​២១​ ដែល​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៧​។​ រីឯ​ខាងត្បូង​ផ្លូវជាតិ​លេខ​៧​ គឺជា​តំបន់​២០​។​ ខេត្តកំពង់ចាម​ត្រើយ​ខាងលិច​ជា​ភូមិភាគ​៣០៤​ ដោយ​យក​ទន្លេមេគង្គ​ ជា​ព្រំប្រទល់​រវាង​ភូមិភាគ​ទាំង​ពីរ​២០៣​ និង​ ៣០៤​។​ សំរាប់​តំបន់​២១​ បាន​បង្កើត​ស្រុក​២​បន្ថែម​ គឺ​ស្រុក​ទឹក​ជ្រៅ​នឹង​ស្រុក​ពាមជីលាំង​ ក្នុង​ឆ្នាំ​១៩៧៣​។​ ក្រោយមក​ទៀត​បង្កើត​ស្រុក​មួយទៀត​មានឈ្មោះ​ថា​ស្រុក​ត្រ​មូង​។​ ឃុំ​បឹង​ព្រួល​ដែល​ខ្ញុំ​ចេញដំណើរ​ទៅ​កាន់​ស្រុក​ក្រូចឆ្មា​ស្ថិត​ក្នុងស្រុក​ពាមជីលាំង​ដែល​ត្រូវធ្វើ​ដំណើរ​ប្រមាណ​២​ម៉ោង​ ទើប​ដល់​មន្ទីរពេទ្យ​ដែល​មា​នទី​តាំងនៅ​ឃុំ​ក្រូចឆ្មា​ដែល​ពួក​យើង​ទៅ​ដល់ទី​នោះ​មុន​ម៉ោង​ ៥​ល្ងាច​។​ 

​ភ្នែក​ខ្ញុំ​ប្រឹងរក​មើល​តើ​នារី​មួយ​ណា​ទៅ​ឈ្មោះ​រ៉ា​នី​ ប៉ុន្តែ​មិនឃើញ​សោះ​ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទើប​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​និង​សង្គមកិច្ច​ស្រុក​បាន​អញ្ជើញ​យើង​ហូប​បាយ​។​ ខ្ញុំ​អត់​ស្គាល់​គ្រូពេទ្យ​ជានា​រី​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​ទេ​ គ្រូពេទ្យ​លើកបាយ​សម្លរ​មក​ ខ្ញុំ​លួច​មើល​មុខ​និង​ខ្សឹប​សួរ​ប្រធាន​មន្ទីរពេទ្យ​ថា​តើ​មួយ​ណា​ឈ្មោះ​រ៉ា​នី​ ប្រធាន​មន្ទីរ​គ្រវីក្បាល​ថា​អត់​មាននៅ​ទី​នេះ​ទេ​។​ ក្រោយ​បាយ​រួច​ ខ្ញុំ​បាន​សុំ​មេបញ្ជាការ​របស់ខ្ញុំ​ទៅ​សួរសុខទុក្ខ​បងជីដូនមួយ​របស់ខ្ញុំ​ដែល​នៅ​មិន​ឆ្ងាយ​ពី​មន្ទីរពេទ្យ​»​ ៕​ (​សូម​រង់ចាំ​អាន​វគ្គ​២) 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print