ខេត្តកណ្តាល៖លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែងថា សាឡង់បូមខ្សាច់គ្មានច្បាប់ជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពប៉ះពាល់ដល់សំណង់ស្ពាន ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាស្ពានឆ្លងទន្លេបាសាក់របស់ជាតិ ពិសេសជាស្ពានដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល សម្រាប់បម្រើប្រយោជន៍សាធារណៈ ។
បើតាមលោកស្រី សៀង ចាន់ហេង ទំនងជាថតផ្ទាល់ដៃខ្លួនឯង បានបញ្ជាក់តាមហ្វេសប៊ុក កាលពីថ្ងៃទី៥ ខែធ្នូ ម្សិលមិញនេះ ថា “សុំទោស ដោយមិនអាចស៊ូខាំមាត់បន្តទៀតបាន ព្រោះសាឡង់បូបខ្សាច់ទាំងអស់នោះ ធ្វើអាជីវកម្ម នៅជិតស្ពានឆ្លងទន្លេបាសាក់រយៈពេលជាង៣ឆ្នាំហើយ ហើយនៅរសៀលថ្ងៃទី៥ ធ្នូ អត់ធ្មត់បន្តទៀតលែងបាន ដោយកប៉ាល់បូមខ្សាច់ ជប្រចាំនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាហេតុ ធ្វើអោយប៉ះពាល់ដល់សំណង់ស្ពាន ព្រែកសំរោង ។
លោកស្រី សៀង ចាន់ហេង បន្តថា “តើអស់លោកដែលជាម្ចាស់អាជីវកម្មបូមខ្សាច់នេះ ដែលជារបស់ អស់លោក មានបានគិតដល់ផលប្រយោជន៍ របស់សង្គមជាតិទេ តើការធ្វើអាជីវកម្ម របស់អស់លោក មានច្បាប់អនុញាតិដែរឬទេ ប្រសិនបើមានច្បាប់អនុញាតមែននោះ សុំ លោកអភិបាលខេត្តកណ្តាល មេត្តាជួយពិនិត្យឡើងវិញផង តែបើតាមដឹង ការបូមខ្សាច់នេះ គឺ គ្មានច្បាប់ទេ ព្រោះកន្លងមក អស់លោក ច្រើនតែប្រើពាក្យថា បូមសំអាតទន្លេ ?”។
ជាមួយគ្នានេះ អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រូបនេះ ថ្លែងថា ប្រសិនបើអាចបញ្ឈប់បានអស់លោកគួរតែបញ្ឈប់កាបូមយកខ្សាច់ចំណុចនេះទៅ ហើយត្រូវទៅរកទីកន្លែងដែលមិនប៉ះពាល់ដល់ ប្រយោជន៍ជាតិ និង ប្រយោជន៍ អ្នកដទៃ ជាច្រើនរយនាក់ ដែលរស់នៅតាមមាត់ទន្លេនោះ បើឈប់បានគួរតែឈប់ទៅ ទោះបីជាអស់លោករកចំណេញ បានពីការបូមខ្សាច់ក្នុងចំណុចនោះ បានប៉ុន្មាននាក់ ក៏ អស់លោកមិនអាចចាយប្រាក់ចំណេញទាំងនោះបានទេ ព្រោះការចំណេញរបស់អស់លោក សម្លាប់និង បំផ្លាញ ប្រយោជន៍ជាតិ គឺ ស្ពានព្រែកសំរោង ដែលជាស្ពានឆ្លងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ពុំទាន់សុំការបញ្ជាក់ពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បាននៅឡើយទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ៕