ដកហូតសត្វព្រៃ! លែងចូលស្ទឹងធម្មជាតិ និងម្ចាស់ផ្ទះលក់ទិញប្រគល់មន្រ្ដីរដ្ឋបាលជលផលសង្កាត់កណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រកកណ្ដៀង ឡោមព័ទ្ធ និងធ្វើការឆែកឆេលំនៅដ្ឋានមួយកន្លែង រកឃើញសត្វព្រៃជាច្រើន និងធ្វើការដកហូត ដើម្បីយកទៅចាក់លែងចូលស្ទឹងធម្មជាតិ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះប្ដីប្រពន្ធទិញលក់ផល្លិតផលអនុផលជលផល ស្ថិតក្នុងធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង ម្ចាស់ផ្ទះទិញលក់ផល្លិតផលអនុផលជលផលប្ដីឈ្មោះ គង់ គុណណា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហ៊ន សុីណា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថបន្តថា កិច្ចប្រតិបត្តិការបង្រ្កាបករណីទិញលក់ផល្លិតផលអនុផលជលផលខាងលើ កម្លាំងដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន សត្វអណ្ដើកចំនួន ១៧ក្បាល ស្មើនឹងទម្ងន់ចំនួន ១២,០៤គីឡូក្រាម សត្វពស់សឹងសឿចំនួន ០៨ក្បាល ស្មើនឹងទម្ងន់ចំនួន ១២គីឡូក្រាម សត្វពស់វែកស្រង៉ែចំនួន ០៥ក្បាល ស្មើនឹងទម្ងន់ចំនួន ០៧,៣០គីឡូក្រាម សត្វឆ្មាអស្សោងចំនួន ០១ក្បាល ស្មើនឹងទម្ងន់ចំនួន ០៩គីឡូក្រាម សត្វពស់ត្រីទម្ងន់ចំនួន ២៦គីឡូក្រាម និងសត្វពស់វែកចំនួន ០២ក្បាលផងទៀង សរុបចំនួន ៥៨,០៦គីឡូក្រាម ។

របាយការណ៍ដដែលបន្តទៀតថា ចំពោះប្ដីប្រពន្ធម្ចាស់លំនៅឋាន ប្រគល់ទទួលជូនមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដើម្បីបន្តនីតិវិធី ចំណែកវត្ថុតាងសត្វព្រៃទាំងអស់ចាក់លែងចូលក្នុងស្ទឹងពោធិ៍សាត់ ដែលជាធម្មជាតិ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print