ភ្នំពេញ ៖ សម្ភារៈច្រើនមុខសម្រាប់វេចខ្ចប់ផលិតផលក្លែងក្លាយចំនួនប្រមាណជាង១០០តោន បានរៀបចំដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅភូមិប្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយពីសមត្ថកិច្ចចម្រុះស្រាវជ្រាវបង្ក្រាបយកមករក្សាទុកនាពេលកន្លងមក ។
មន្ត្រីប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា សម្ភារៈជាវត្ថុក្លែងក្លាយមានចំនួន១២មុខរួមមាន ៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ,សំបកសុងបារីចំរុះ, បារីចំរុះម៉ាក,សសៃថ្នាំជក់,បឧបករណ៍សំភារៈបំរើអោយការផលិតបារី , ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ,ឧបករសំភារៈបំរើអោយការផលិតគ្រឿងសំអាង,ផលិត ផលធូប និងធូបមូស សរុបប្រមាណជាង១០០តោន ត្រូវបានកំលាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិយកទៅដុតបំផ្លាញចោល នៅភូមិប្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
មន្ត្រីដដែលអះអាងថា កន្លងមកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដុតបំផ្លាញចោលនូវវត្ថុចាប់យកក្លែងក្លាយ ហើយក៏ជាលើកទី ៣២ហើយ ដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដុតបំផ្លាញ ចោលវត្ថុតាងក្លែងក្លាយចំនួន១២មុខ រួមមាន៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ,សំបកសុងបារីចំរុះ,បារីចំរុះម៉ាក,សសៃថ្នាំជក់,ឧបករណ៍សំភារៈបំរើអោយការផលិតបារី ,ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ,ឧបករណ៍សំភារៈបំរើអោយការផលិតគ្រឿងសំអាង ផលិតផលធូប និងធូបមូសសរុបប្រមាណជាង១០០តោន ។
មន្ត្រីគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់ដែលបានចាប់យកមកដុតបំផ្លាញចោលដូចបានរៀបរាប់ខាងលើនេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ។
ក្នុងឱកាសនេះ ក៏ដូចជាកន្លងមក លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការអោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ហើយជាងនេះ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ពត៌មានជូនសមត្តកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថាមានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋយើង ៕ ដោយ ៖ សីហា