បន្ទាយមានជ័យៈមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រវាងរថយន្តបុកជាមួយម៉ូតូ កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ចន្លោះបង្គោលខ្សែភ្លើងលេខ០៥៨៤-០៥៨៦ នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ខេត្ត លោកវរសេរនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះថា យ៉ត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូ (គ្មានពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីខាងកើត ទៅទិសខាងលិច ។ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ,1G.4829 ។ចំណែករថយន្តម៉ាកសាំ យ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ,2X.1418 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បានបើកបរក្នុងទិសដៅពិចទៅកើត។
លោកនាយរងការិយាល័យចរាចរណ៍បានបន្តថា៖មុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង បានបើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្ត១គ្រឿបើកពីមុខ ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូដែលបើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅកើតទៅពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅលើទ្រូងផ្លូវ ចំណែករថយន្តនិងម៉ូតូធ្លាក់ពីលើផ្លូវជាតិ ខូចខាតធ្ងន់ទាំង២គ្រឿង។បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា