ចាប់ខ្លួនស្រ្តីម្នាក់ រឿងរកស៊ីទិញលក់សម្លៀកបំពាក់ចូលហ៊ុនគ្នា ពេលចំណេញយកប្រាក់តែម្នាក់ឯង រួចរត់គេចខ្លួន ត្រូវម្ចាស់ភាគហ៊ុនប្តឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនស្រ្តីម្នាក់ ទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី ដើម្បីសួរនាំនិងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ែន ណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅបុរីពិភពថ្មី២ ផ្ទះលេខ២៣ ផ្លូវលេខ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ។

ក្រោយពីការបើកស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើជនសង្ស័យឈ្មោះ ម៉ែន ណាត ពីបទរំលោភលើទំនុកចិត្ត និងបញ្ជូនសំណុំរឿងទៅជូនចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានបង្ហើបថា កំពុងមានអ្នករត់ការសុំដោះលែងជនត្រូវចោទឈ្មោះ ម៉ែន ណាត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈជនរងគ្រោះនៅពុំទាន់បានទទួលសំណងនៅឡើយទេ សូម្បីតែមួយរៀល ។

ដោយឡែកជនរងគ្រោះ សង្ឃឹមនិងជឿជាក់ថា មន្រ្តីអ្នកច្បាប់នឹងពិចារណា ផ្តល់យុត្តិធម៌ដល់ពួកគាត់ដែលបានចាញ់បោកស្ត្រីត្រូវចោទ អស់ប្រាក់ជាច្រើន និងទទូចស្នើសុំដល់តុលាការ មេត្តាឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នសិន ដើម្បីរងចាំនីតិវិធីបន្ត ព្រោះបើសិនជាតុលាការដោះលែងជនត្រូវចោទនោះ ជននេះនឹងបន្តរត់គេចខ្លួនដូចកាលពីគ្រាមុនផងដែរ ហើយមិនព្រមទទួលខុសត្រូវចំពោះសំណងទូទាត់ដែលជនរងគ្រោះបានខូចខាតនោះទេ ។
គួររំលឹកថា ស្ត្រីត្រូវចោទឈ្មោះ ម៉ែន ណាត កំពុងទទួលរងនូវបណ្តឹងជាច្រើននៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ ក្នុងមុខរបររកស៊ីទិញលក់សម្លៀកបំពាក់ចូលហ៊ុនគ្នាជាមួយក្រុមជនរងគ្រោះ ប៉ុន្តែជនត្រូវចោទបានយកទំនិញទៅលក់បានលុយមិនចែកទាំងដើម និងយកទាំងប្រាក់ចំណេញតែម្នាក់ឯង រួចរត់គេចខ្លួនពីក្រុមជនរងគ្រោះជាម្ចាស់ភាគហ៊ុន រហូតក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងចូលតុលាការដើម្បីជួយរកយុត្តិធម៌ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print