ភ្នំពេញ៖ នៅលើគណនីយបណ្តាញសង្គមហ្វេសប៊ុករបស់តារាប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា បានរំលេងចេញនូវរូបភាពនៃការកាន់ និងទទួលទានស្រាបៀមួយដែលគេទើបនឹងផ្លាស់ប្តូសំបកកំប៉ុងថ្មី។ រូបភាពទាំងនេះទទួលបានការរិះគន់ជាច្រើនពិសេសគឺការជំរុញ លើកទឹកចិត្តដោយប្រយោលឲ្យយុវជនភ្លើតភ្លើននឹងគ្រឿងស្រវឹង ។
ក្រោយពីបិទមិនឲ្យធ្វើការផ្សព្វផ្សាយគ្រឿងស្រវឹងលើកញ្ចក់ទូរទស្សន៍ក្នុងម៉ោងមាសរួចមក ក្រុមហ៊ុនស្រាបៀជាច្រើនបានស្វែងរកយុទ្ធសាស្ត្រដើម្បីពង្រីកការផ្សព្វផ្សាយរបស់ខ្លួន។ ថ្មីៗនេះក្រុមហ៊ុនស្រាបៀមួយបានបញ្ចេញយុទ្ធសាស្ត្រថ្មីដោយជួលឲ្យសិល្បករ និងតារាហ្វេសប៊ុកបង្ហោះរូបភាពអមដោយកំប៉ុងស្រាបៀ និងប្រើប្រាស់សំណេរខ្លីបែបផ្សព្វផ្សាយគ្រឿងស្រវឹងនោះ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលមួយចំនួនធំជាយុវជន បាននាំគ្នាប្រតិកម្មខ្លាំងៗចំពោះទង្វើមិនគប្បីរបស់ក្រុមតារាសិល្បៈខ្មែរ ក្នុងការជួយផ្សព្វផ្សាយ ពាណិជ្ជកម្មអោយក្រុមហ៊ុនស្រាបៀ។សិល្បករដែលគេបានស្គាល់ និងបានបង្ហោះរូបថតឲ្យអ្នកគាំទ្រទាប់សែនរាប់លាននាក់បានឃើញនោះមានដូចជា លោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក ខាត់ ជេម កញ្ញា សុខ ពិសី កញ្ញា ពេជ្រ សោភា.ល.។ រូបភាពនេះត្រូវបានអ្នករិះគន់លើកឡើងថាធ្វើឡើងដើម្បីលុយតែប៉ុណ្ណោះដោយមិនគិតពីផលប៉ះពាល់ ទៅលើអ្នកគាំទ្រភាគច្រើនជាយុវជននោះ ៕