ខេត្តកណ្ដាលៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលដើមមៀន ធ្វើការចាប់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣៤កញ្ចប់ យកមកអធិការការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីបក្សខេត្តកណ្តាល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ឯក រស្មី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំប៉ាន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្ននៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ រាធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣៤កញ្ចប់ ក្នុងនោះធំល្មម១កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មដែលសមត្ថកិច្ចក្រុងតាខ្មៅបានកំណត់មុខសញ្ញា និងតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ លុះមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងតាខ្មៅបានទទួលព័ត៌មានថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិដើមមៀន ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ដើមមៀន ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៣៤កញ្ចប់ ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ៕
...