ខេត្តកំពង់ចាម៖ បុរសម្នាក់មានមុខរបរជាអ្នកលក់ទឹកត្នោតជូរភ្លាត់ស្នៀតធ្លាក់ពីលើចុងត្នោត បណ្ដាលឲ្យស្លាប់ គ្រាដែលជនរងគ្រោះបានទៅឡើងយកទឹកត្នោតតែម្នាក់ឯងតាំងពីព្រឹក រហូតដល់ល្ងាចទើបមានគេប្រទះឃើញសាកសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៣ ខែមករា ២០១៦ នៅចំណុចវាលស្រែអាចាបា ស្ថិតនៅខាងកើតភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹម សុខ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ដែលជនរងគ្រោះបានចេញពីផ្ទះ ដើម្បីទៅឡើងយកទឹកត្នោតលក់ តាំងពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ មករា តែមិនឃើញត្រឡប់មកផ្ទះវិញ រហូតដល់វេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃដដែល ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្រោមដើមត្នោត ហើយប្រាប់សាច់ញាតិឲ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាម ។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបច្ចេកទេស នគរបាលស្រុកព្រៃឈរ បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ហើយប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ហេង សូរិយា