ភ្នំពេញ៖ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅព្រឹកថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០១៩ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុ សាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។
លោកអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។
លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង ៕
ដោយ៖ សណ្តោស