ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃ ព្រហស្បតិ៍ ១រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន០១ទីតាំង។
មន្ត្រីនគរបាលស្រុកស្រីសន្ធរបានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្ទះរបស់ឈ្មោះ សោម ពិសី ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ នៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ -ឈ្មោះ អ៊ឺម ស្រីទាវ ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
១-តារាងកត់កន្ទុយលេខឆ្នោតវៀតណាមចំនួន០១សន្លឹក
២-តារាងទូរទាត់ឆ្នោតចំនួន ០១សន្លឹក
៣-ក្រដាស់កាបោនចំនួន ០១សន្លឹក (រហែក)
៤-ម៉ាស៊ីនគិតលេខចំនួន០១
៥-កាបូបស្ពាយ ពណ៌ប្រផេះចំនួន០១
៦-សៀវភៅកត់លេខឆ្នោតចំនួន០៥ក្បាល
៧-បន្ទាត់ចំនួន០១
៨-ប៊ិកចំនួន០២ដើម
៩-ប្រាក់រៀលចំនួន ២៩០.០០០រៀល (ម្ភៃប្រាំបួនម៉ឺនរៀល) ។
ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អ៊ឹម ស្រីទាវ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោុយ៖ សហការី