ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញនាំចូល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន, ជប៉ុន, ឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, វៀតណាម និងប្រទេសឡាវ ព្រមទាំងមន្ទីរពាណិជ្ជកម្មកម្ពុជាទាំង២៥ រាជធានី-ខេត្ត, សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធស្រូវអង្ករ, អង្គការ, សមាគមអាជីវកម្ម, ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះមានស្ដង់សរុបចំនួន៣៧២ស្ដង់ ហើយទំនិញ និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្មកសិ-ពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រអង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍សម្ភារៈការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់សម្ភារៈប្រើប្រាស់ទូទៅផលិតផលសម្រាប់តុបតែងក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃផលិតផលឱសថបរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃនិងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់ គ្រឿងសង្ហារិមផលិតផលពាក់ព័ន្ធវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ ផលិតផលបម្រើឲ្យសេវាសណ្ឋាគារទេសចរណ៍ សេវាអប់រំសេវាធនាគារ និងគម្រោងវិនិយោគ ជាដើម។ល។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) ពិធីនេះ នៅម៉ោង៣:០០នាទី រសៀលពីមជ្ឈមណ្ឌលកោះពេជ្រ៕
ដោយ៖ សុខ ខេមរា