ភ្នំពេញ ៖ មនុស្សពីរនាក់ពូនិងក្មួយ ស្លាប់និងរបួសធ្ងន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរម៉ូតូស្របពេលរថយន្តដឹកដីប្រឹងបង្កើនល្បឿនចេញពីរណ្តៅជីកដីឆ្លងកាត់ថ្នល់ ធ្វើឲ្យម៉ូតូបុកប៉ះរថយន្ត កាលពីវេលាម៉ោង៤៖៣៥នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅលើមហាវិថីឈ្នះ=ឈ្នះ ច្រកចូលទីតាំងរណ្តៅដីឧកញ៉ា ញឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឲ្យដឹងថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តបានបើករត់គេចខ្លួន ប៉ុន្តែបានប្រមាណ១ម៉ោងក្រោយបានបើកត្រឡប់មកកន្លែងកើតហេតុវិញ ក្នុងគោលបំណងយករថយន្តមកចតលាក់ទុកនៅក្នុងទីតាំងការដ្ឋានជីករណ្តៅយកអាចម៍ដី ក៏ត្រូវបាននគរបាលស្រាវជ្រាវឃាត់ទាំងអ្នកបើកបរ និងមធ្យោបាយពាក់ព័ន្ធនាំយកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ ។
យោងតាមកំណត់ហេតុពីនគរបាលចរាចរស្រុកពញាឮឲ្យដឹងថា សពជនរងគ្រោះ (អ្នកបើកបរម៉ូតូ) ឈ្មោះ ស៊ីន ស៊ីវណន អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិគល់កន្លែង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំ ពេញ មានប្រពន្ធនឹងកូន៣នាក់ ។ ចំណែកអ្នករួមដំណើរត្រូវជាក្មួយពុំស្គាល់ឈ្មោះឡើយ ។ រថយន្តម៉ាកហ៊ីណូពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ៣A-២៥៦០ បើកបរដោយឈ្មោះ សួរ ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅការដ្ឋានរណ្តៅដីកន្លែងកើតហេតុ មានលំនៅភូមិសង្កែ ឃុំស្តែងចេក ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ឪពុកមានិងក្មួយធ្វើដំណើរជាម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ១GY-០៩៨២ ។ លុះបើកបរមកដល់ចំណុច កើតហេតុលើមហាវីថីឈ្នះ=ឈ្នះ ស្រាប់តែរថយន្តដឹកដីនោះបានបើកចេញពីរណ្តៅឆ្លងទទឹងផ្លូវ ធ្វើឲ្យអ្នកបើកបរម៉ូតូបុកពេញទំហឹងចំកណ្តាលរថយន្ត បណ្តាលអោយឪពុកមាបោកក្បាលស្លាប់នៅកន្លែង រីឯក្មួយរបួសធ្ងន់ហើយត្រូវ បានដឹកយកទៅមន្ទីរពេទ្យ ។
តាមព័ត៌មានបានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់រថយន្តក៏បានបើកគេចបាត់ តែដោយការទទួលប្រភព ច្បាស់លាស់នគរបាលបានស្រាវជ្រាវឃាត់ខ្លួនទាំងអ្នកបើកបរ និងមធ្យោបាយពាក់ព័ន្ធនាំយកមករក្សាទុកនៅអង្គភាពសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ ។ ចំពោះសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធឿនព្រែកជ័យ