ភ្នំពេញ៖ លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងការចោទប្រកាន់ និងរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបានឃុបឃិតគាបជម្រិតអ្នកជំងឺឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញឱ្យបង់លុយតាមអំពើចិត្ត និងជាពិសេសគឺករណីឃុបឃិតឱ្យជនជាតិវៀតណាម ឆ្លងដែនខុសច្បាថ្នូរនឹងលុយកាក់តាមតែទំនើងចិត្តប្រឆាំងនឹងនយោបាយរបស់ក្រសួងមហាផ្ទៃយ៉ាងចេញមុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីប្រជាពលរដ្ឋឆ្លងកាត់ ខណៈនាយប៉ុស្តិ៍រូបនេះ ធូររលុងអនុញ្ញាតឱ្យជនជាតិ វៀតណាមឆ្លងកាត់តាមអំពើចិត្តដោយមិនចាំបាច់ពិនិត្យទៅលើឯកសារ លិខិតឆ្លងដែននោះ ។ គឺជាការបំពានប្រឆាំងទាំងស្រុងទៅ និងគោលការណ៍របស់ក្រសួងមហាផ្ទៃទាំងស្រុង ដែលមិនគួរលើកលែង។
យ៉ាងតិចក្នុង១ថ្ងៃ មានជនជាតិវៀតណាមឆ្លងដែនខុសច្បាប់មកចូលលេងកាស៊ីណូពី ២០០នាក់ ទៅ ៣០០នាក់ ឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវទឹក ដោយគ្រាន់តែនាយប៉ុស្តិ៍រូបនេះ ចាត់ចែងឱ្យមន្ត្រីរបស់ខ្លួនចាំប្រមូលប្រាក់ក្នុងម្នាក់ៗ ៣ម៉ឺនដុង ស្មើ ៦០០០រៀល ទៅ ៧០០០រៀល យ៉ាងមមាញឹក ។
តាមការបញ្ជាក់របស់ប្រភពឱ្យដឹងទៀតថា ចំពោះជនជាតិវៀតណាមដែលឆ្លងកាត់ដោយគ្មានលិខិតស្នាម តាម ផ្លូវទឹក គឺលោក ពេជ មុនីរតន៍ តម្រូវឱ្យយកលុយក្នុង១ថ្ងៃ ១លានដុង ស្មើនឹងជិត ២០ម៉ឺនរៀល ហើយការយកលុយនេះ ចង់ ១ថ្ងៃមានជនជាតិយួនចូលប៉ុន្មានក៏មិនខ្វល់ដែរ ឱ្យតែបង់លុយឱ្យគាត់ ។
ជាមួយគ្នានេះដែរ មន្ត្រីបានទម្លាយទៀតថា លោក ពេជ មុនីរតន៍ បានចាត់ចែងលោក សោម ជា ដែលជានាយប៉ុស្តិ៍ ស្តីទី និងលោក ប្រាជ ជួរ ជានាយរងជាអ្នកចាំប្រមូលលុយពីជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ ហើយអំពើពុករលួយ ការអនុវត្តការ ងារ ភារកិច្ចតួនាទី ខុសពីគោលការណ៍អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នេះ បានធ្វើឱ្យលោក ពេជ មុនីរតន៍ រកចំណូល បានយ៉ាងច្រើនក្នុង១ថ្ងៃៗ រាប់សិបលានរៀល ជាមួយបក្ខពួករបស់ខ្លួនថែមទៀតផង ។
សកម្មភាពដ៏គឃ្លើន នឹងផ្លូវច្បាប់បំពានបទបញ្ជាថ្នាក់លើអនុវត្តផ្ទុយពីគោលការណ៍ អគ្គស្នងការ ការនគរបាលជាតិ និងក្រសួងមហាផ្ទៃនេះ គឺពួកគេមិនត្រឹមតែរងនូវការរិះគន់ ពីសមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុងទឹកដីកម្ពុជា ប៉ុណ្ណោះទេ ក្នុងនោះលោក ពេជ មុនីរតន៍ ក៏កំពុងតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ យ៉ាងធ្ងន់បំផុត ហើយដែលគួរតែក្រសួងមហាផ្ទៃមានវិធានការពិនិត្យជាបន្ទាន់ ។
ប្រភពចំណូលមិនស្របច្បាប់នេះ គ្រាន់តែគិតពីការឆ្លងដែនរបស់ ជនជាតិវៀតណាមក្នុង១ថ្ងៃរាប់លានរៀល នេះមិន បានគិតពីចំណូលទំនិញឆ្លងកាត់នោះផង ហើយដែលបញ្ហានេះក៏មានសំណូមពរឱ្យរដ្ឋមន្ត្រីឱ្យមហាផ្ទៃគួរតែ ពិនិត្យពីទង្វើ របស់គាត់ផង ។
ទាក់ទងបញ្ហានេះ នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកាបានទេ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ៕
ដោយ៖ ហេង សូរិយា