ខេត្តកំពង់ចាម ៖ ទីតាំងចំនួន២ល្បែងស៊ីសងប្រភេទលក់ឆ្នោតវៀតណាម និងមនុស្ស៣នាក់ ត្រូវបានកម្លាំងនគរបាលស្នងការចុះបង្ក្រាប និងឃាត់ខ្លួន រួមនឹងវត្ថុតាងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។
ករណីបង្ក្រាបទីតាំងទី១ ៖ ធ្វើឡើងនៅចំណុចភូមិព្រែកលីវទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ឃាត់ខ្លួ មុខសញ្ញាចំនួន០១នាក់ ឈ្មោះ ឯម សុភ័ណ្ឌ ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែកលីវទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល ,ក្រដាស់កត់កន្ទុយលេខឆ្នោត ចំនួន០២សន្លឹក ,ម៉ាស៊ីនគិតលេខចំនួន០១ ,ទូរស័ព្ទដៃម៉ាកចុចពិល ចំនួន០១គ្រឿង ពណ៌ខៀវ,ប្រាក់រៀលចំនួន១០៨.៩០០រៀល (ដប់ម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល) ។
ករណីបង្ក្រាបទីតាំងទី២ ៖ ធ្វើឡើងនៅចំណុចភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ឃាត់ខ្លួនមុខសញ្ញា ចំនួន០២នាក់ ១-ឈ្មោះ ម៉ៅ ស្រ៊ាង ភេទស្រី អាយុ៤១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ចាប់យកវត្ថុតាងរួមមាន ៖ ប៊ិកចំនួន០២ដើម ,តារាងកត់កន្ទុយលេខឆ្នោតចំនួន០១សន្លឹក ,ក្រដាស់កាតុងមួយចំនួន ,សៀវភៅកត់កន្ទុយលេខឆ្នោតវៀតណាម ចំនួន០១ក្បាល ,កាបូបស្ពាយពណ៌ខៀវចំនួន០១ ,ប្រាក់រៀលចំនួន ៦១០,០០០រៀល (ប្រាំមួយសែនមួយម៉ឺនរៀល) , ប្រាក់ដុល្លារចំនួន៣០ដុល្លារ (សាមសិបដុល្លារអាមេរិក) និង ២-ឈ្មោះ រ៉េត គឹមហ៊ាន់ ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ចាប់យកវត្ថុតាងរួមមាន ៖ កាបូបស្ពាយ ពណ៌ខៀវ ចំនួន០១ ,ក្រដាស់កាតុងកត់កន្ទុយលេខឆ្នោតវៀតណាមមួយចនួន , ទូរស័ព្ទដៃម៉ាក ហូវៃ ពណ៌ខ្មៅ ចំនួន០១ ,ប៊ិក ចំនួន០៣ដើម , ប្រាក់ដុល្លា ចំនួន៥០ដុល្លា(ហាសិបដុល្លាអាមេរិក) ,ប្រាក់រៀលចំនួន ២២៨០០០រៀល(ពីរសែនពីរម៉ឺនប្រាំបីពាន់រៀល) ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមឲ្យដឹងថា បន្ទាប់ពីពលរដ្ឋល្អផ្តល់ដំណឹងអំពីទីតាំងល្បែងស៊ីសងទាំងនេះលោកបានចាត់ចែងការងារឲ្យមន្ត្រីថ្នាក់ក្រោមចុះបង្ក្រាប ។ ទើបនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស , កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាអារ , ប៉ុស្តិ៍នគរបាលរដ្ឋបាលសូគង និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុនឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន០២ទីតាំង ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុនឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឲ្យដឹងថា បន្ទាប់ពី ធ្វើកំណត់ហេតុរួចរាល់ ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ