ហ្វីលីពីន គ្រោងទទួលយកមីស៊ីលមានល្បឿនលឿនជាងសំឡេង BrahMos ពីប្រទេសឥណ្ឌា

ចែករំលែក៖

មីស៊ីល​ ផលិតដោយរុស្ស៊ីនិងឥណ្ឌា មានឈ្មោះថា​ BrahMos​ ត្រូវបានគេចាត់ទុកថាជាមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក​ ហើយមានប្រទេស មួយចំនួនក្នុងតំបន់អាស៊ានចង់ទិញមីស៊ីលនេះមកប្រើប្រាស់ ក្នុងនោះមាន វៀតណាម និង ហ្វីលីពីន ។

លោក Delfin Lorenzana រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន បានថ្លែង កាលពីថ្ងៃទី១៧ ខែធ្នូ កងទ័ពហ្វីលីពីន គ្រោងនឹងទទួលមីស៊ីល មានល្បឿនលឿនជាងសំឡេង BrahMos ពីប្រទេសឥណ្ឌា។ បើតាមគម្រោង កិច្ចព្រមព្រៀងទិញ និង​លក់​អាវុធនេះ នឹងត្រូវចុះហត្ថលេខា នៅឆ្នាំក្រោយនេះ។

លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា លទ្ធកម្មនេះ នឹងធ្វើឡើង តាមរយៈរដ្ឋាភិបាល​ និងរដ្ឋាភិបាល។  រីឯការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះ អាចនឹងកើតឡើង នៅត្រីមាសទី១ ឬទី២ នៃឆ្នាំ២០២០ខាងមុខ។  ក្រៅពីកងទ័ពជើងគោក គ្រឿងសព្វាវុធខាង​លើនេះ ក៏អាចប្រតិបត្ដិការ ដោយកងទ័ពអាកាសរបស់ហ្វីលីពីន ដែលកំពុងប្រើប្រាស់យន្ដហោះចម្បាំង ប្រភេទ FA-50 ។

ប្រមុខការពារជាតិហ្វីលីពីន បានបន្ដថា យើងមានលទ្ធភាព អាចទិញមីស៊ីល BrahMos ដែលផលិត ដោយប្រទេសឥណ្ឌាបាន។ ការទិញមីស៊ីលទំនើបៗបែបនេះ គឺស្របតាមកម្មវិធីទំនើបឧបនីយកម្មរបស់កងទ័ពហ្វីលីពីន។

បើយោងតាមមន្រ្ដីជំនាញគ្រឿងសព្វាវុធ បានឲ្យដឹងថា BrahMos នេះ គឺជាប្រភេទមីស៊ីល រយៈចម្ងាយមធ្យម ហើយមានល្បឿនលឿនជាងសំឡេង។ មីស៊ីល BrahMos ដែលហ្វីលីពីន គ្រោងនឹងទិញនោះ ត្រូវបានគេចាត់ទុកថាជាមីស៊ីល មានល្បឿនលឿនបំផុត​របស់ពិភពលោក។ មីស៊ីលប្រភេទនេះ អាចបាញ់ចេញពីនាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង និងបាញ់ ចេញពីទីតាំងលើដីផងដែរ។

បើតាមគេហទំព័រ BrahMos Aerospace បានឲ្យដឹងថា មីស៊ីលផលិតឡើង ដោយឥណ្ឌា ( BrahMos) នេះ អាចបាញ់បានចម្ងាយ រហូតដល់២៩០គីឡូម៉ែត្រ។ ​រីឯល្បឿនរបស់វា គឺលឿនជាងសំឡេងរាប់ពី៣-៤ដង ដែលមិនអាចឲ្យប្រព័ន្ធ​ការពារដែន​អាកាសរបស់សត្រូវចាប់បាន ហើយវាអាចបំពាក់ក្បាលគ្រាប់ មានទម្ងន់ ចន្លោះពី២០០ទៅ​៣០០​គីឡូក្រាម ថែមទៀតផង៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print