មីស៊ីល ផលិតដោយរុស្ស៊ីនិងឥណ្ឌា មានឈ្មោះថា BrahMos ត្រូវបានគេចាត់ទុកថាជាមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក ហើយមានប្រទេស មួយចំនួនក្នុងតំបន់អាស៊ានចង់ទិញមីស៊ីលនេះមកប្រើប្រាស់ ក្នុងនោះមាន វៀតណាម និង ហ្វីលីពីន ។
លោក Delfin Lorenzana រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន បានថ្លែង កាលពីថ្ងៃទី១៧ ខែធ្នូ កងទ័ពហ្វីលីពីន គ្រោងនឹងទទួលមីស៊ីល មានល្បឿនលឿនជាងសំឡេង BrahMos ពីប្រទេសឥណ្ឌា។ បើតាមគម្រោង កិច្ចព្រមព្រៀងទិញ និងលក់អាវុធនេះ នឹងត្រូវចុះហត្ថលេខា នៅឆ្នាំក្រោយនេះ។
លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា លទ្ធកម្មនេះ នឹងធ្វើឡើង តាមរយៈរដ្ឋាភិបាល និងរដ្ឋាភិបាល។ រីឯការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះ អាចនឹងកើតឡើង នៅត្រីមាសទី១ ឬទី២ នៃឆ្នាំ២០២០ខាងមុខ។ ក្រៅពីកងទ័ពជើងគោក គ្រឿងសព្វាវុធខាងលើនេះ ក៏អាចប្រតិបត្ដិការ ដោយកងទ័ពអាកាសរបស់ហ្វីលីពីន ដែលកំពុងប្រើប្រាស់យន្ដហោះចម្បាំង ប្រភេទ FA-50 ។
ប្រមុខការពារជាតិហ្វីលីពីន បានបន្ដថា យើងមានលទ្ធភាព អាចទិញមីស៊ីល BrahMos ដែលផលិត ដោយប្រទេសឥណ្ឌាបាន។ ការទិញមីស៊ីលទំនើបៗបែបនេះ គឺស្របតាមកម្មវិធីទំនើបឧបនីយកម្មរបស់កងទ័ពហ្វីលីពីន។
បើយោងតាមមន្រ្ដីជំនាញគ្រឿងសព្វាវុធ បានឲ្យដឹងថា BrahMos នេះ គឺជាប្រភេទមីស៊ីល រយៈចម្ងាយមធ្យម ហើយមានល្បឿនលឿនជាងសំឡេង។ មីស៊ីល BrahMos ដែលហ្វីលីពីន គ្រោងនឹងទិញនោះ ត្រូវបានគេចាត់ទុកថាជាមីស៊ីល មានល្បឿនលឿនបំផុតរបស់ពិភពលោក។ មីស៊ីលប្រភេទនេះ អាចបាញ់ចេញពីនាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង និងបាញ់ ចេញពីទីតាំងលើដីផងដែរ។
បើតាមគេហទំព័រ BrahMos Aerospace បានឲ្យដឹងថា មីស៊ីលផលិតឡើង ដោយឥណ្ឌា ( BrahMos) នេះ អាចបាញ់បានចម្ងាយ រហូតដល់២៩០គីឡូម៉ែត្រ។ រីឯល្បឿនរបស់វា គឺលឿនជាងសំឡេងរាប់ពី៣-៤ដង ដែលមិនអាចឲ្យប្រព័ន្ធការពារដែនអាកាសរបស់សត្រូវចាប់បាន ហើយវាអាចបំពាក់ក្បាលគ្រាប់ មានទម្ងន់ ចន្លោះពី២០០ទៅ៣០០គីឡូក្រាម ថែមទៀតផង៕