ទីបំផុត.. ករណីថៅកែស្ថានីយ៍ប្រេង PTT និងកូនចៅព្រួតដៃគ្នាប្រើហិង្សាធ្វើទារុណ្ឌកម្មលើបុរសម្នាក់​ចោទថាលួចមើលស្រីៗក្នុងបន្ទប់ទឹក ក្លាយជាជនល្មើសវិញហើយ ខណៈព្រះរាជអាជ្ញាបញ្ជាអោយសមត្ថកិច្ចនាំខ្លួន (Video Inside)

ចែករំលែក៖

ភ្នំពេញ ៖ ករណីថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ និងកូនចៅ ប្រើហិង្សាយ៉ាងចាស់ដៃលើគ្រូបង្រៀនម្នាក់ នាំឲ្យផ្អើលខ្លាំងតាម Facebook ពេលនេះជនរងគ្រោះចេញបកស្រាយ ខណៈសមត្ថកិច្ចត្រៀមបញ្ជូនសំណុំរឿងទៅតុលាការនៅថ្ងៃនេះ ។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះប្រធានបទដែលម្នាក់ៗ មានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម Facebook នោះគឺហេតុការណ៍ថៅកែស្ថានីយ៍ប្រេង PTT ស្ថិតនៅតាមផ្លូវជាតិ លេខ២ ក្បែររង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ និងកូនចៅ បានព្រួតវាយទៅលើបុរសម្នាក់ឡើងចាស់ដៃ (របួសធ្ងន់ធ្ងរ) ដោយចោទថា បុរសរូបនេះបានចូលទៅក្នុងបន្ទប់ស្រី ហើយលួចថតស្រីៗដែល បានចូលបត់ជើង។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលលោក សារុន វិធុរៈ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតលោក ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងមណ្ឌលតាកែវ បានបង្ហោះវីដេអូមួយ ដោយបង្ហាញមុខបុរសម្នាក់ (ក្រោយមកទើបដឹងថា ជាគ្រូបង្រៀន) ជាមួយស្នាមបែកមុខចេញឈាម អមដោយមានកូនចៅរបស់ថៅកែ ស្ថានីយ៍ប្រេងចាប់ចងដៃទៅក្រោយ និងចាប់បោចសក់ឡើងទៀតផង។

នៅក្នុងវីដេអូនោះលោក សារុន វិធុរៈ បានអះអាងថា នៅពេលនេះលោកបានចាប់ជនពាលម្នាក់ ដោយមានគេជួលមកអុកឡុកកន្លែងស្ថានីយ៍ប្រេងរបស់លោក និងបានលួចចូលទៅក្នុងបន្ទប់ស្រី ដើម្បីថតរូបមនុស្សស្រីចូលក្នុងបន្ទប់បត់ជើង។ ចំពោះវីដេអូមួយនេះ មានការបកស្រាយពេញបណ្តាញសង្គម Facebook ផ្សេងៗ​ពីគ្នាថា ថៅកែរូបនេះបានធ្វើត្រូវដោយចាប់ជនល្មើស ដែលប្រព្រឹត្តទង្វើបែបនេះ ប៉ុន្តែក៏មានការបញ្ចេញយោបល់ជាច្រើនលើសលប់ផងដែរថា សកម្មភាពហិង្សារបស់ថៅស្ថានីយ៍ប្រេង និងកូនចៅ បានជ្រុលហើយ និងខុសច្បាប់ទៀតផង ដោយខ្លួនមិនមានសិទ្ធិទៅចាប់ចង ឬទៅប្រើហិង្សាទៅជនណាម្នាក់នោះឡើយ ត្រូវទុកឲ្យមន្រ្តីនគរបាលយុត្តិធម៌ចាត់ការតាមច្បាប់។

ក្រោយមានការបកស្រាយព្រោងព្រាតយ៉ាងដូច្នេះ ស្រាប់តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បុរសដែលរងការប្រើហិង្សានោះបានចេញមកបកស្រាយនៅលើ Facebook របស់ខ្លួនដោយបដិសេធ ទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ និងបានអះអាងថា ខ្លួនមានក្របខ័ណ្ឌជាមន្រ្តីអប់រំ និងជាគ្រូបង្រៀនទៀតផង។

លោក អ៊ឹម សិរីរដ្ឋ ដែលបានបង្ហោះអមដោយលិខិតបង្ហាញលទ្ធផលទៅពិនិត្យស្នាមរបួសនៅមន្ទីរអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយអនុក្រឹត្យ និងព្រះរាជក្រឹត្យស្តីពី ការតែងតាំងតំណែង ខ្លួននោះ បានបដិសេធទាំងស្រុងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ គឺជាការយល់ច្រឡំចូលទៅក្នុងបន្ទប់ទឹកនារី ពេលលោកបើករថយន្តទៅផ្ទះនៅឯខេត្តាកែវ ប៉ុន្តែមិនទាន់បានចេញមកស្រួលបួលផង ស្រាប់តែកូនចៅរបស់ថៅកែស្ថានីយ៍ប្រេង រត់មកចាប់វាយ និងបង្ខំឲ្យសារភាពទោសកំហុស។ លោកថា បើសមត្ថកិច្ចមកមិនទាន់ទេ នោះប្រហែលត្រូវថៅកែ និងកូនចាប់វាយលោករហូតស្លាប់ជាក់ជាមិនខានឡើយ។
លោក អ៊ឹម សិរីរដ្ឋ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយលោកចាត់ទុកថា ជាការប្រើអំហិង្សាវាយដូចសត្វធាតុ។

ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនមកតំណាងអយ្យការដើម្បីចាត់ការតាមច្បាប់ បើទោះបីជនរងគ្រោះមិន បានដាក់ពាក្យបណ្តឹងក៏ដោយ។

លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន ថា តំណាងអយ្យការបានឲ្យសមត្ថកិច្ចរបស់លោក កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅល្ងាចថ្ងៃនេះ (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩)។

តែយ៉ាងណាក៏ដោយ សម្រាប់ករណីនេះក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរៈ ថា ខុសទាំងស្រុងដោយសារខ្លួនមិនមែនជាមន្រ្តីសមត្ថកិច្ច ហើយទៅចាប់ចង និងបញ្ជាឲ្យកូនចៅវាយយ៉ាងដូច្នេះ​ទេ នោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយ ដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹង​បាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ។ មហាជននឹងរង់ចាំមើលចំណាត់ការនេះរបស់​ព្រះរាជអាជ្ញា ទៅអ្នកដែលពាក់ព័ន្ធប្រើហិង្សាលើគ្រូបង្រៀន អ៊ឹម សិរីរដ្ឋ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print