ខេត្តរតនគិរី ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ បានធ្វើសកម្មភាពបន្លំលួចយកកាបូបលុយអ្នកលក់ខោអាវជជុះនៅក្នុងផ្សារបរកែវ មានទឹកប្រាក់ជាង១ពាន់ដុល្លារ តែសំណាងមិនល្អត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងតាមឃាត់ខ្លួននិងដកហូតវត្ថុតាងបានមកវិញ ។
ករណីនេះកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃ សៅរ៍ ១០រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។
សមត្ថកិច្ចនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះ ឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ(ទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា)រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចដដែលបន្តថា នៅមុនពេលកើតហេតុអ្នកទាំងបីបានចូលមកបន្លំលួចយកកាបូបលុយ ខណៈពេលជនរងគ្រោះឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវជជុះ កំពុងរៀបចំខោអាវដាក់លក់ ដែលក្នុងកាបូបនោះមានទឹកប្រាក់ចំនួន១០៧០ដុល្លារ រួចនាំគ្នាគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចហើយកម្លាំងក៏បានចុះស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យបានទាំងបីនាក់នៅចំណុចបឹងយក្ខឡោម ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរីភ្លាមៗផងដែរ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឆែកឆេរក៏បានរកឃើញលុយដុល្លារចំនួន ១០៧០ដុល្លារ ដែលជារបស់ជនរងគ្រោះដែលពួកគេបានលួចយកនោះ រួចបានដកហូតយកមកប្រគល់ឲ្យជនតងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ៖ សហការី