ខេត្តកំពង់ស្ពឺ៖ បើតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ស្ពានអាកាសថ្មើរជើងនៅត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៩នេះ ហើយពេមានពិធីសម្ពោធនេះ អាជ្ញាធរនឹងបិទផ្លូវបណ្តោះអាសន្ន ហើយប្រាប់ឲ្យពលរដ្ឋវៀងទៅផ្លូវផ្សេង ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។
រឌ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថាការផ្អាកចរាចរណ៍នៅថ្ងៃទី២៩ ខែឆ្នូនេះ នឹងចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ១០ព្រឹក។ ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣វិញ។ សម្រាប់រថយន្តទេសចរណ៍គ្រប់ប្រភេទ បញ្ចៀសទៅតាមច្រកកណ្តាលដុំ(ផ្លូវលេខ១០៤ និង១០៥) និងតាមផ្លូវបំបែកត្រង់ចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកច្បារមន។
លោក កែវ គុជសី ប្រធានរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងថា ស្ពានអាកាសថ្មើរជើងនេះ ចំណាយថវិកាអស់ជិត៣២ម៉ឺនដុល្លារមានបណ្តោយ៣៩ម៉ែត្រ ទទឹង៣ម៉ែត្រ៨តឹក និង កម្ពស់៥ម៉ែត្រ៧តឹក។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារកំពង់ស្ពឺនេះ គឺជាស្ពានអាកាសថ្មើរជើងទី៤ហើយ បន្ទាប់ពីស្ពានអាកាសថ្មើរជើងស្តុបនាងគង្ហីង ស្ពានអាកាសថ្មើរជើងត្រង់សាលាបឋមសិក្សាជម្ពូវ័ន្ត និងត្រង់ចំណុចវិទ្យាល័យចំណេះទូទៅ ហ៊ុន សែនជម្ពូវ័ន ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នសាលារាជធានីភ្នំពេញ ក៏កំពុងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២ចំណុចទៀត គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងមុខបឋមសិក្សាសន្ធរម៉ុក នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះងដែរ ៕
ដោយ៖ ប្រាថ្នា