ភ្នំពេញ៖ ការបង្ហើបពីគម្រោងធំមួយ របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបើកផ្សារទំនើបកសិផលកសិកម្មទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញនោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ក្នុងនោះសិល្បករខ្មែរលំដាប់ជួរមុខ២រូបគឺតារាចម្រៀង ខេម និងលោក ខេមរៈ សិរីមន្ត បានបង្ហាញជំហរក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយគម្រោងដែលជួយដល់កសិករខ្មែរ និងជួយលើកកម្ពស់សុខមាលភាពប្រជាជនខ្មែរផងដែរ។
គម្រោងដ៏សម្បើមមួយនេះត្រូវបានគេដឹងថានឹងផ្តល់ការងារដោយផ្ទាល់ជូនដល់កសិករជាច្រើន ខណៈដែលបុគ្គលិកលក់ប្រមាណ៤០០ នាក់ ដោយគម្រោងនេះដែនឹងផ្តល់ឲ្យអ្នកសម្ភាសន៍ជាប់នូវម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ។ បន្ថែមលើនេះលោកឧកញ៉ា បានឲ្យដឹងថា លោកកំពុងតែសម្រុកធ្វើរោងចក្រផលិតជីធម្មជាតិ១កន្លែងទៀត ដើម្បីសម្រួលដល់កសិករខ្មែរ លើការដាំដុះ កុំឲ្យពលរដ្ឋពិបាកទិញជី ពីក្រៅប្រទេស។
តារាចម្រៀងខេមរៈ សិរីមន្ត បានបង្ហាញជំហរក្នុងការជួយជំរុញលើកស្ទួយដល់គម្រោងមួយនេះដោយលោកបានលើកឡើងថា លោកនឹងចូលរួមផ្សព្វផ្សាយផ្សារទំនើប កសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីជាការួយជំរុញ និងលើកទឹកចិត្តដល់កសិករខ្មែរ និងបង្កើតទីផ្សារពិតប្រាកដសម្រាប់ពុកម៉ែបងប្អូនកសិករ ។
ថ្លែងស្រដៀងគ្នានេះដែរតារាចម្រៀង ខេម ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនឹងគម្រោងបង្កើតទីផ្សារមួយពិតប្រាកដសម្រាប់ប្រជាកសិករខ្មែរ ។ ជាមួយគ្នានេះលោកក៏អំពាវនាវដល់សិល្បករទាំងអស់ឲ្យចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាជនខ្មែរទទួលបាននូវអាហារដែលគ្មានជាតិគីមី ដែលគិតលើសុខភាពជាចម្បង។
គួរបញ្ជាក់ដែរថាគម្រោងបង្កើតរោងចក្រផលិតជីធម្មជាតិរបស់លោកឧកញ៉ាឡេងណាវ៉ាត្រា សម្រេចធ្វើបានប្រហែល៩៥ភាគរយហើយ អាចនឹងដំណើរការក្នុងពេលឆាប់ៗនេះ។ រោងចក្រនេះមានទីតាំង លើគម្រោងអភិវឌ្ឍន៍ធំមួយ លើទឹកដីខេត្តបន្ទាយមានជ័យ ដោយកម្លាំងនៃការផលិតក្នុង១ឆ្នាំផលិតបានប្រហែល៣០០០ តោន ទៅ ៣៦០០តោន។លោកឧកញ៉ា ធ្លាប់បានថ្លែងអំណរគុណដល់ក្រសួង កសិកម្មជាខ្លាំង លើការជ្រោមជ្រែងក៏ដូចជាកិច្ចការផ្សេងទៀត ។ លោកថា ក្រុមការងារបានប្រើពេលសិក្សាប្រហែល១ឆ្នាំ ជាមួយក្រសួងកសិកម្មទម្រាំសម្រេចបានលទ្ធផលនេះ។ សកម្មភាពអាជីវកម្មនេះត្រូវបានមហាជនជាច្រើនកោតសរសើរ ហើយបានគាំទ្រយ៉ាងពេញទំហឹង ព្រោះជាការគិតគូរដល់ សុខទុក្ខដល់កសិករខ្មែរធំមួយក្នុងការស្វែងរកទីផ្សារ កសិផលរបស់ពួកគាត់។សម្រាប់ការលក់ជីធម្មជាតិជូនប្រជាពលរដ្ឋវិញ លោកឧកញ៉ា បានប្រាប់ថា លក់ក្នុងតម្លៃធូថ្លៃបំផុត ហើយកសិករមិនចាំបាច់ប្រើប្រាក់មកទិញឡើយ គឺចាំដោះដូរ ជាមួយបន្លែផ្លែឈើដែលពួកគាត់ដាំនោះ ដោយក្រុមហ៊ុននឹងចុះទៅទិញដល់ចម្ការ ដើម្បីមកលក់នៅតាមផ្សារ ជាង២៥០ សាខា ដែលគ្រោងដំណើរការនោះ៕
ដោយ វឌ្ឍនា