ខេមរៈ សិរីមន្ត និង ខេម ចេញមុខគាំទ្រនិងជួយផ្សព្វផ្សាយផ្សារបន្លែកសិផលធម្មជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ការបង្ហើបពីគម្រោងធំមួយ របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​ដើម្បីបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទី​ក្រុងភ្នំពេញនោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ក្នុងនោះសិល្បករខ្មែរលំដាប់ជួរមុខ២រូបគឺតារាចម្រៀង ខេម និងលោក ខេមរៈ​ សិរីមន្ត បានបង្ហាញជំហរក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយគម្រោងដែលជួយដល់កសិករខ្មែរ និងជួយលើកកម្ពស់សុខមាលភាពប្រជាជនខ្មែរផងដែរ។
​គម្រោងដ៏សម្បើមមួយនេះត្រូវបានគេដឹងថានឹងផ្តល់ការងារដោយផ្ទាល់ជូនដល់កសិករជាច្រើន ខណៈដែលបុគ្គលិកលក់ប្រមាណ៤០០ នាក់ ដោយគម្រោងនេះដែនឹងផ្តល់ឲ្យអ្នក​សម្ភាសន៍ជាប់នូវម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ។ បន្ថែម​លើ​នេះ​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​សម្រុក​ធ្វើ​រោងចក្រ​ផលិត​ជីធម្មជាតិ​១​កន្លែង​ទៀត ដើម្បី​សម្រួល​ដល់​កសិករ​ខ្មែរ លើ​ការ​ដាំដុះ កុំ​ឲ្យ​ពលរដ្ឋ​ពិបាក​ទិញ​ជី ពី​ក្រៅ​ប្រទេស។
​តារាចម្រៀង​ខេមរៈ សិរីមន្ត បានបង្ហាញជំហរក្នុងការជួយជំរុញលើកស្ទួយដល់គម្រោងមួយនេះដោយលោកបានលើកឡើងថា លោកនឹងចូលរួមផ្សព្វផ្សាយផ្សារទំនើប កសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីជាការួយជំរុញ និងលើកទឹកចិត្តដល់កសិករខ្មែរ និងបង្កើតទីផ្សារពិតប្រាកដសម្រាប់ពុកម៉ែបងប្អូនកសិករ ។
ថ្លែងស្រដៀងគ្នានេះដែរតារាចម្រៀង ខេម ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនឹងគម្រោងបង្កើតទីផ្សារមួយពិតប្រាកដសម្រាប់ប្រជាកសិករខ្មែរ ។ ជាមួយគ្នានេះលោកក៏អំពាវនាវដល់សិល្បករទាំងអស់ឲ្យចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាជនខ្មែរទទួលបាននូវអាហារដែលគ្មានជាតិគីមី ដែលគិតលើសុខភាពជាចម្បង។
គួរបញ្ជាក់ដែរថា​គម្រោងបង្កើតរោង​ចក្រ​ផលិត​ជីធម្មជាតិរបស់លោកឧកញ៉ាឡេងណាវ៉ាត្រា សម្រេច​ធ្វើ​បាន​ប្រហែល​៩៥ភាគរយ​ហើយ អាច​នឹង​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ។ រោង​ចក្រ​នេះ​មាន​ទីតាំង លើ​គម្រោង​អភិវឌ្ឍន៍​​ធំ​​មួយ លើ​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​កម្លាំង​នៃ​ការ​ផលិត​ក្នុង១​ឆ្នាំ​ផលិត​បាន​ប្រហែល​​៣០០០ តោន ទៅ ​៣៦០០តោន។លោក​ឧកញ៉ា ធ្លាប់បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង កសិកម្ម​ជា​ខ្លាំង លើ​ការ​ជ្រោមជ្រែង​ក៏​ដូច​ជា​​កិច្ចការ​ផ្សេង​ទៀត ។ លោក​ថា ក្រុម​ការងារ​បាន​ប្រើ​ពេល​សិក្សា​ប្រហែល​១ឆ្នាំ ជា​មួយ​ក្រសួង​កសិកម្ម​ទម្រាំ​សម្រេច​បាន​លទ្ធផល​នេះ។ សកម្មភាព​អាជីវកម្ម​នេះ​​ត្រូវ​បាន​មហាជន​ជា​ច្រើន​កោតសរសើរ ហើយ​​បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង ព្រោះ​ជា​ការ​គិត​គូរ​ដល់ សុខទុក្ខ​ដល់​កសិករ​ខ្មែរ​ធំ​មួយ​ក្នុង​ការ​ស្វែង​រក​ទីផ្សារ កសិផល​របស់​ពួក​គាត់។សម្រាប់​ការ​លក់​ជីធម្មជាតិ​ជូន​ប្រជាពលរដ្ឋ​វិញ លោក​ឧកញ៉ា បាន​ប្រាប់​ថា លក់​ក្នុង​តម្លៃ​ធូថ្លៃ​បំផុត ហើយ​កសិករ​មិន​ចាំ​បាច់​ប្រើ​ប្រាក់​មក​​ទិញ​​​ឡើយ គឺ​ចាំ​ដោះដូរ ជា​មួយ​​បន្លែ​ផ្លែ​ឈើ​ដែល​​ពួក​គាត់​ដាំ​នោះ ដោយ​ក្រុមហ៊ុន​នឹង​ចុះ​ទៅ​ទិញ​ដល់​ចម្ការ ដើម្បី​មក​លក់​នៅ​តាម​ផ្សារ ជាង​២៥០ សាខា ដែល​គ្រោង​ដំណើរ​ការ​នោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print