ខេត្តកំពង់ចាម៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំការលើបានចាប់ខ្លួនបុរសអ្នកបើកបររថយន្តក្រុមហ៊ុនអង្គរអ៊ិចប្រេស និងព្រូទាំង២នាក់ ខណៈដែលពួកគេកំពុងរត់គេច និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។ តាមមន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ លឹម ពិសី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំង៣ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គ្មានប័ណ្ណបើកបរទេ និងព្រូរថយន្តឈ្មោះ ដត យាក់កូប ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គួរបញ្ជាក់ថាកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៣០ នាទី ទាបភ្លឺ នៅលើផ្លូវលេខ៧១ ចំណុចភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម មានរថយន្តក្រុងពណ៌លឿងទុំ របស់ក្រុមហ៊ុនអង្គរអិុចស្ព្រេស ពាក់ផ្លាកលេខ ៣A ៨៩១៥ ភ្នំពេញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន បើកបរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ បានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រហូតទៅបុកពីក្រោយ តាលេថង ពណ៌ក្រហម បើកបរដោយឈ្មោះ លន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ រួមដំណើរជាមួយ ២នាក់៖ ១.ឈ្មោះ ឈាវ ថាត ភេទប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះ ឈាវ តឿ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ បណ្តាលអោយរបួសមនុស្ស ៤នាក់ របួសធ្ងន់ម្នាក់ឈ្មោះ លន់។
ករណីនេះ រថយន្តក្រុងដឹកអ្នកដំណើររួមមានចំនួន ៣៩នាក់ ជនបរទេស ១៨នាក់(ស្រី ៩) ជនជាតិខ្មែរ ២១នាក់(ស្រី ២)។ រថយន្តក្រុង និងថាលេថង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកចំការលើ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
គេមិននឹកស្មានថា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរអង្គរអ៊ិចប្រេស ដែលមានអ្នកដំណើរជាច្រើននាក់ផ្ញើជីវិត បែរជាប្រើប្រាស់អ្នកបើកបរគ្មានជំនាញ ពោលគឺគ្មានប័ណ្ណបើកបរយ៉ាងដូច្នេះសោះ ។ ដូច្នេះប្រជាពលរដ្ឋដែលធ្វើដំណើរមិនគួរជ្រើសរើសក្រុមហ៊ុនអង្គរអ៊ិចប្រេសដើម្បីធ្វើដំណើរនោះឡើយ ។ វាមានហានិភ័យខ្ពស់ខ្លាំងណាស់សម្រាប់អ្នកបើកបររថយន្តដែលគ្មានប័ណ្ណបើកបរ ដូចបុគ្គលិកក្រុមហ៊ុនអង្គរអ៊ិចប្រេសបង្កគ្រោះថ្នាក់ខាងលើនេះ ៕
ដោយ៖ ហេង សូរិយា