ឆ្នាំ២០២០ ជាឆ្នាំនៃការធ្វើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់?

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់៖ នៅថ្ងៃទីមួយនៃឆ្នាំ ២០២០ អាមេរិកចោទប្រកាន់អ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយ ការវាយប្រហារទៅលើស្ថានទូតអាមេរិក នៅ ក្នុងទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់ ហើយនៅព្រឹកថ្ងៃទី ៣ខែមករាឆ្នាំ ២០២០ អាមេរិក បានវាយប្រហារតាមដែនអាកាសសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ដូចគ្នា ។ មិនតែប៉ុណ្ណោះ អាមេរិក បានព្រមានវាយប្រហារ ជាទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់តែម្តង។
រដ្ឋមន្ត្រីការពារជាតិអាមរិក លោក Mark Esper បានព្រមានថា អាមេរិក នឹងមានសកម្មភាព វាយប្រហារទៅលើ «ក្បាលម៉ាស៊ីន»នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីការពារកម្លាំងទាហានអាមេរិក ប្រសិនបើ កម្លាំងទាហានអាមេរិកនៅក្រៅប្រទេស រងការវាយប្រហារពីអ៊ីរ៉ង់នោះ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្រោយពេលដែល អ៊ីរ៉ង់ បានព្រមានសងសឹកអាមេរិក ដែលបានសម្លាប់មេទ័ពរបស់ខ្លួន ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា  អ៊ីរ៉ង់ជាឆ្អឹងទទឹង ក របស់អាមេរិក ដែលតែងតែបំផ្លាញគម្រោងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ ទាំងនោះហើយអាមេរិកឡើងគម្រោងវាយប្រហារអ៊ីរ៉ង់ជាយូណាស់ មកហើយ តែមិនទាន់មានហេតុផលគ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារ ។
នៅពេលនេះអាមេរិក ប្រើប្រាស់ ការវាយប្រហារស្ថានទូតអាមេរិកផ្ទាល់ និងគម្រោងវាយប្រហារទៅលើទាហានអាមេរិក ដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់ ។ ពេលនេះអាមេរិក បានដុតកម្តៅយោធាអ៊ីរ៉ង់ ឲ្យផ្ទុះកំហឹងវាយប្រហារទៅលើអាមេរិក វិញ ដោយអាមេរិកបាញ់មីស៊ីលសម្លាប់ មេទ័ពអ៊ីរ៉ង់ ដោយផ្ទាល់។ អ្នកឯកទេសវិភាគបានលើកឡើងថា ការវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់ គ្រាន់តែជាការចាប់ផ្តើម និងជាអន្ទាក់របស់អាមេរិក បើអ៊ីរ៉ង់ ហ៊ានលោត វាយបកទៅលើទាហានអាមេរិកវិញនោះសង្គ្រាមវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកទៅលើអ៊ីរ៉ង់ នឹងកើតឡើងជាមិនខានឡើយ ។
កត្តាមួយទៀតគឺជានយោបាយរបស់លោកត្រាំ ដើម្បីបន្តដឹកនាំអាមេរិក បន្ថែមមួយអណត្តិទៀត ប្រសិនបើលោកជាប់រវល់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះ ។ នយោបាយរបស់លោកត្រាំគឺបានគិតគូតាំងពីពេលលោកឡើងកាន់តំណែង ហើយដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ដោយបង្កើនទណ្ឌកម្ម ទៅលើប្រទេសនេះ។ ចំណុចទាំងនោះហើយ បានជាក្រុមអ្នកឯកទេសវិភាគលើកឡើងថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print