ប្រទេសចិន៖ កន្លងមក រុស្ស៊ីទទួលបានជោគជ័យ នៅក្នុងការ សាកល្បង អាវុធ រាប់រយប្រភេទនៅក្នុងប្រទេសស៊ីរី ។ ក្រោយការសាកល្បង ពិភពលោក បានស្គាល់អាវុធ រុស្ស៊ី ច្រើនជាងមុនហើយ ទទួលបានការចាប់អារម្មពីបណ្តាប្រទេសទិញយកទៅប្រើប្រាស់ ។
រយៈពេលកន្លងមកមានព័ត៌មានជាច្រើនស្តីពី ទំនាក់ទំនងរវាង ស៊ីរី និងចិន ក្នុងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើប ប្រភេទ HQ-9 និង HQ-22 ផលិតដោយចិតផ្ទាល់។
មីស៊ីល HQ-9 និងHQ-22 ជាមីស៊ីលការពារដែនអាកាស រយៈចម្ងាយឆ្ងាយ ដ៏ទំនើបអាចជួយ ការពារស៊ីរីយ៉ាងមានប្រសិទ្ធិភាព ទប់ស្កាត់រាល់ការវាយប្រហារតាមដែនអាកាសពី ប្រទេស អ៊ីស្រាអែល ។
ពេលថ្មីៗនេះគេហទំព័រ Sohu បានផ្សាយថា ប្រព័ន្ធមីស៊ីលការពាររបស់ចិន បានបញ្ជូនទៅឲ្យស៊ីរី តាំងពីឆ្នាំ ២០១៩មកម៉្លេះ ប៉ុន្តែមិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ ក្រៅពីនេះ ចិន ក៏បានផ្តល់ឲ្យស៊ីរីនៅប្រព័ន្ធរ៉ាដា JY-27A ដែលមានសមត្ថភាព ចាប់បាន យន្តហោះចម្បាំងបំបាំងកាយ ព្រមទាំងមីស៊ីលប្រកាសអាសន្ន រយៈចម្ងាយឆ្ងាយ JYL-1 ផងដែរ។
កាលពីចុងឆ្នាំ ២០១៩ កម្លាំងទាហានស៊ីរី បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ ដែនអាកាសរបស់រុស្ស៊ី Pantsir-S1 រួមជាមួយរ៉ាដា JLY-1 របស់ចិន នៅទីតាំងយោធា ដ៏សំខាន់របស់ស៊ីរី ដើម្បីការពាររាល់ការវាយប្រហារពីសត្រូវ ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា កន្លងមក រុស្ស៊ីទទួលបានជោគជ័យ ក្នុងការសាកល្បងអាវុធជាច្រើនប្រភេទក្នុងសង្គ្រាមពិត នៅប្រទេសស៊ីរី នៅពេលនេះចិន ក៏ចង់ សាកល្បងពិតនោះដែរ ថាតើសមត្ថភាព អាវុធរបស់ចិន ខ្លាំងដល់កម្រិតណាហើយ៕
ដោយ៖ មែវ សាធី