អាមេ៉រិកបានបង្កើនសន្តិសុខការពារនៅតាមទីតាំងសំខាន់ៗទាំងក្នុងនិងក្រៅប្រទេស ខ្លាចអីុរ៉ង់វាយប្រហារសងសឹកទៅលើពលរដ្ឋអាមេ៉រិក។ នៅពេលនេះដែរ ពលរដ្ឋអាមេ៉រិករាប់សិបនាក់ ដែលកំពុងធ្វើការនៅតាមក្រុមហ៊ុនប្រេង ក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេសអីុរ៉ាក់ បានចាប់ផ្ដើមចាកចេញជាបណ្ដើរៗហើយ នៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីមេទ័ពកំពូលអីុរ៉ង់ លោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេ៉រិក។
កាលពីថ្ងៃម្សិលមិញ ពោលប៉ុន្មានម៉ោងក្រោយ លោក QasemSoleimaniនិងមេបញ្ជាការកងជីវពលអីុរ៉ាក់ លោក Abu Mahdi al-Muhandisត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដោយយន្ដហោះដ្រូនអាមេ៉រិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដ ក្រសួងការបរទេសអាមេ៉រិកបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអីុរ៉ាក់ជាបន្ទាន់ ដើម្បីសុវត្ថិភាព បន្ទាប់ពីអីុរ៉ង់ព្រមានថានឹងចាត់វិធានការ សងសឹកនឹងទីក្រុងវ៉ាស៊ីនតោនវិញ។
តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអីុរ៉ាក់ បាននិយាយថាការចាកចេញរបស់កម្មករប្រេងជាពលរដ្ឋអាមេ៉រិក នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការផលិត ឬការនាំចេញប្រេងនោះទេ ស្របពេលអីុរ៉ាក់គឺជាប្រទេសផលិតប្រេងធំជាងគេលេខ២ នៅក្នុងអង្គការ OPEC ជាមួយទិន្នផលប្រេង ៤.៦២លាន បារែលក្នុងមួយថ្ងៃ។
គួរជម្រាបថា បើតាមមន្ត្រីអីុរ៉ាក់ ពលរដ្ឋអាមេ៉រិកមួយចំនួន បានធ្វើដំណើរចាកចេញពីប្រទេសអីុរ៉ាក់ ទៅកាន់ទីក្រុងឌូបៃ តាមជើងហោះហើរ ក្រុមហ៊ុន FlyDubaiនិងមួយចំនួនទៀត កំពុងរង់ចាំជើងហោះហើររបស់ក្រុមហ៊ុន Qatar Airways ៕ ធី រីណា