ភ្នំពេញ៖ សហព័ន្ធកីឡារាជធានីភ្នំពេញ អាចនឹងកើតឡើងក្រោយថ្ងៃបុណ្យខូបអនុស្សាវរីយ៍៧មករា ឆ្នាំ ១៩៧៩-២០១៦ បន្ទាប់ពីលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យប្រធាន មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបន្ទាន់មួយ ធ្វើឡើងដោយមានសមាសភាព ចូលរួមពីនាយកសាលាទាំងអស់និងអភិបាលខណ្ឌព្រមទាំងប្រធានការិយាល័យអប់រំខណ្ឌនីមួយៗ ដើម្បីឲ្យ មានការចូលរួមផុលផុសឡើង។
លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា មិត្តកីឡាករ ទាំង៦ក្រុមគឺជាស្ថាបនិក ពានរង្វាន់៧មករា១៩៧៩-២០១៦ ដូច្នេះមិនមែនខ្ញុំម្នាក់ឯង ឬ ក៏អភិបាលរងនិងអភិបាលខណ្ឌនោះទេ តាមពិតយើងទាំងគ្នា ធ្វើយ៉ាងម៉េចឲ្យកាន់តែសកម្មកាន់ តែផុសផុលឡើងនៅឆ្នាំក្រោយៗទៀត។
លោកអភិបាលរាជធានីបន្តទៀតថា បន្ទាប់ពីនេះទៅ ខ្ញុំចង់សុំឲ្យលោកស្រីប្រធានមន្ទីរអប់រំយុវជននិង កីឡារាជធានីភ្នំពេញរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅក្រោយថ្ងៃបុណ្យ៧មករាហើយបើនិយាយពីកម្រិតអនុវិទ្យាល័យវិទ្យាល័យចំនួន៦៧មូលដ្ឋានគ្រឹះស្ថានសិក្សាបើគិតទាំងបឋមសិក្សាទៀតមានច្រើនណាស់។ប៉ុន្តែខ្ញុំគិតថាយើងយកត្រឹមកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យបានហើយក៏មានការចូលរួមពីអភិបាលខណ្ឌទាំង១២ដោយធ្វើការប្រកួតប្រចាំខណ្ឌនីមួយៗគឺមានកីឡាករជាច្រើនប្រភេទ ដូចជា កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ ចាប់ពីអាយុក្រោម២០ឆ្នាំចុះ។
លោកបានបន្តទៀតថា ចំពោះក្លិបបាល់ទាត់ឬក៏ក្លិបកីឡាផ្សេងៗ ពួកគាត់ក៏អាចចូលរួមបាន ដោយ ធ្វើការប្រកួតនៅក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈសាលាខណ្ឌ ។ ឧទាហរណ៍ដូចជាក្លិបបាល់ទាត់អា ស៊ានគាត់ស្ថិតក្នុងខណ្ឌណាមួយត្រូវទៅដាក់ពាក្យស្នើសុំចូលរួមប្រកួតជម្រុះដណ្តើមចំណាត់ថ្នាក់ប្រចាំ ខណ្ឌជាមុនសិន។ បន្ទាប់ពីខណ្ឌទាំង១២ប្រកួតជម្រុះបានហើយ យើងត្រូវប្រកួតជម្រុះបន្តទៀតដើម្បី ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមយកពានរង្វាន់៧មករាឆ្នាំក្រោយៗទៀត។
គួររំលឹកថា ក្លិបកីឡាអនុវិទ្យាល័យ វិទ្យាល័យ ដែលស្ថិតនៅក្នុងសាលាខណ្ឌណា ត្រូវទៅដាក់ពាក្យ ស្នើសុំប្រកួតវគ្គជម្រុះនៅទីនោះ ដើម្បីបន្តឡើងមកប្រកួតវគ្គបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់នេះគឺជា ក្របខ័ណ្ឌអបអរសាទរទិវាថ្ងៃជ័យជម្នះ៧មករាឆ្នាំ១៩៧៩៕
ដោយ៖ សារីម