ខេត្ដព្រះសីហនុ៖ មកដល់ពេលនេះ សំណង់ស្ថានីយប្រេងសាំងរបស់សាខា ក្រុមហ៊ុនLHRបានដំណើរការសាង សង់លើដីតំបន់ព្រែកទប់ (បឹងស្ដុកទឹក ស្អាតប្រើប្រាស់)យ៉ាងរលូនសម្រេចបានប្រមាណ៥០ភាគរយហើយ បើទោះជា ម្ចាស់សំណង់មួយនេះមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការសាងសង់ ពីអាជ្ញាធរក្រុង ខេត្ដព្រះសីហនុ ក៏ដោយ ហើយសម្រាប់មន្ដ្រីអនុវត្ដច្បាប់មន្ទីរ អង្គភាពពាក់ព័ន្ធហាក់ដូចជាសោះអង្គើយមិនមានវិធានការទប់ស្កាត់អ្វីទាល់តែ សោះ ។ ចំណុចនេះត្រូវបានគេសង្ស័យថា វាជាការត្រូវគ្នា ។
លោក គៀត ចំរើន នាយករងការិយា ល័យអន្ដរវិស័យសាលាខេត្ដព្រះសីហនុ ជុំវិញបញ្ហាសំណង់ខាងលើនេះបាន ប្រាប់ឱ្យដឹងថា សំណង់នេះក្រុមការងារ មន្ដ្រីរបស់លោកបានចុះសិក្សារួចហើយ ជាមួយនឹងមន្ដ្រីជំនាញពាក់ព័ន្ធ ដូចជា មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដីនគរូបនីយ កម្ម សុរិយោដីនិងសំណង់ខេត្ដ មន្ទីរ ឧស្សាហកម្មនិងសប្បកម្មរួមនឹងមន្ដ្រី អាជ្ញាធរមូលដ្ឋាន ស្ដីពីផលប៉ះពាល់ បរិស្ថានបឹងព្រែកទប់ ព្រមទាំងបានធ្វើ របាយការណ៍ដាក់ជូនទៅលោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុរួចហើយ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដើម្បីបានជ្រាប និងមាន វិធានការតាមផ្លូវច្បាប់ហើយចំពោះ ចំណាត់ការយ៉ាងណានោះលោកមិនទាន់បានដឹងទេ ហើយសំណង់នេះក៏មិនទាន់ បានហាមឃាត់នោះដែរ ។
សំណង់ស្ថានីយប្រេងសាំងក្រុមហ៊ុន LHRខាងលើនេះ បើតាមការបញ្ជាក់ របស់ លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរ ឧស្សាហកម្មនិងសិប្បកម្មខេត្ដព្រះសីហនុ បានឱ្យដឹងថាការសាងសង់សំណង់នេះគឺជាការប្រឈមការបំពុលបរិស្ថានយ៉ាង ធ្ងន់ធ្ងរចំពោះទឹកបឹងព្រែកទប់ដែលជាបឹង ស្ដុកទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទូទៅ ក្នុងក្រុងព្រះសីហនុប្រើប្រាស់ ពីព្រោះ កាកសំណល់ប្រេងឥន្ធនៈគ្រប់ប្រភេទនឹងហូរចេញពីទីតាំងសំណង់នេះហើយហូរ បន្ដទៅចាក់ចូលក្នុងទឹកបឹងយ៉ាងពេញ បន្ទុក ហើយទឹកបឹងនៅពេលនោះក៏មិន អាចប្រើប្រាស់បានតទៅទៀតដែរ ។ ដូច នេះ អាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្ដ មុននឹងសម្រេចចេញច្បាប់អនុញ្ញាតឱ្យ សំណង់ខាងលើនេះសូមមេត្ដាពិនិត្យផង ។
គួររឭកផងដែរថាដីក្នុងតំបន់បឹងព្រែកទប់ថ្មីៗនេះត្រូវបានរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់ ចេញ ស.ជ.ណ ស្ដីពីរការហាមឃាត់ ជាបណ្ដោះអាសន្ននូវការចេញ ប្លង់កម្ម សិទ្ទិក៏ដូចជាការអនុញ្ញាតការសាងសង់សំណង់ផ្សេងៗនៅលើដីជុំវិញបឹងព្រែក ទប់បន្ទាប់ពីមានការស្នើសុំពីរដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដោយ ខ្លឹមសារនោះបានបញ្ជាក់យ៉ាងច្បាស់ថាការចេញប្លង់កម្មសិទ្ធិនៅលើដីតំបន់បឹង ព្រែកទប់អាចដំណើរការឡើងវិញបាន លុះត្រាតែអាជ្ញាធរខេត្ដព្រះសីហនុ អនុវត្ដឱ្យរួចរាល់នូវខ្លឹមសារ ស.ជ.ណ លេខ៤៩៨ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រីឱ្យហើយរួច រាល់ជាមុនសិន ៕
ដោយ៖ ឆ្លាមសមុទ្រ