​អា​មេ​រិ​ក​រំពឹង​ថា​ ប៉ា​គី​ស្ថាន​ចាត់វិធានការ​ប្រឆាំង​ក្រុម​វាយប្រហារ​បន្ទាយ​កងទ័ព​ជើង​អាកាស​ឥណ្ឌា

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ផ្សព្វផ្សាយ​ថា​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​ ខ្លួន​រំពឹង​ ថា​ ប៉ា​គី​ស្ថាន​នឹង​ចាត់វិធានការ​ប្រឆាំង​ទៅ​លើ​អ្នក​វាយប្រហារ​យ៉ាង​មរណៈ​ទៅ​លើ​ទីតាំង​បន្ទាយ​កងទ័ព​ជើង​អាកាសប្រទេស​ឥណ្ឌា​ ។​

1

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ John​ Kirby​ បាន​បញ្ជាក់​ថា​ ប៉ា​គី​ស្ថាន​ត្រូវ​តែ​គោលដៅ​ទៅ​លើ​ក្រុម​ឧទ្ទាម​ ។​

​សម្ពន្ធ​ក្រុមប្រឹក្សា​ជី​ហា​ដ​ (UJC)​ ដែល​ជា​បណ្តាញ​សម្ពន្ធមិត្ត​មួយ​របស់​ក្រុម​ឧទ្ទាម​ដែល​ធ្លាប់​វាយប្រហារ​នៅ​ដែន​ដីកា​ស្មៀ​រ​ គ្រប់គ្រង​ដោយ​ភាគី​ឥណ្ឌា​នោះ​ បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​បន្ទាយ​កងទ័ព​ជើង​អាកាស​នៅ​ពេល​នេះ​ ។​

​ការ​វាយប្រហារ​ទៅ​លើ​បន្ទាយ​កងទ័ពអាកាស​ Pathankot​ របស់​ឥណ្ឌា​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន​នោះ​ត្រូវ​គេ​មើលឃើញ​ថា​ ជា​ការ​សកម្មភាព​មួយ​ប៉ុនប៉ង​ឲ្យ​មានការ​ប​ន្ទុ​ច​បង្អាក់​ដល់​ដំណើរការ​ឆ្ពោះទៅ​រក​សន្តិភាព​នា​ពេល​ថ្មីៗ​នេះ​រវាង​ប៉ា​គី​ស្ថាន​ នឹង​ឥណ្ឌា​ ។​

​លោក​ Kirby​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ជា​អ្នកមាន​អំណាច​បំផុត​នៅ​ក្នុង​បញ្ហា​នេះ​ ។​ យើង​រំពឹង​ថា​ពួក​គេ​នឹង​ចាត់វិធានការ​ដោះស្រាយ​ ។​ ពួក​គេ​អាច​ធ្វើ​បាន​ ។​ យើង​ជំរុញ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ត្រូវ​តែ​បន្ត​គោលដៅ​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ទាំង​អស់នេះ​ ។​

​ក្រុម​ឧទ្ទាម​៥​នាក់​ និង​ទាហាន​ឥណ្ឌា​៧​នាក់​ រហូត​មក​ដល់​ពេល​នេះ​បាន​បាត់បង់​ជីវិត​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា​មកនេះ​ ។​ កងកម្លាំង​យោធា​ឥណ្ឌា​នៅ​តែ​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​ក្នុង​ទំហំ​ផ្ទៃដី​២​ពាន់​អ័ក្ស​(acre)​ស្ថិត​នៅ​ក្នុង​បន្ទាយ​ជើង​អាកាស​នោះ​ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា​ សមាជិក​ក្រុម​គ្រួសារ​ទាំងអស់​ដែល​រស់នៅ​ក្នុង​បន្ទាយ​ជើង​អាកាស​មាន​សុវត្ថិភាព​គ្រប់​គ្នា​ ហើយ​សម្ភារ​យោធា​ទាំងអស់​ដែល​នៅ​ក្នុង​បន្ទាយ​ក៏​មិន​ទទួល​រង​ការ​ខូចខាត​អ្វី​ឡើយ​ពី​ការ​វាយប្រហារ​ខាងលើ​នេះ​ ។​

​លោក​ Dushyant​ Singh​ មន្ត្រីជាន់ខ្ពស់​របស់​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ​ មិន​ទាន់​អាច​ប្រកាស​បញ្ចប់​សកម្មភាព​ក្នុង​ពេល​ឆាប់ៗ​បាន​ឡើយ​ ពីព្រោះ​វា​មាន​ទំហំ​ធំ​ និង​លក្ខណៈ​ភាព​ភូមិសាស្ត្រ​ ។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ប៉ូលិស​នៅ​ក្នុង​តំបន់​ Mohali​ រដ្ឋ​ Punjab​ មាន​ព្រំដែន​ជាប់​ជាមួយ​ប៉ា​គី​ស្ថាន​នោះ​បាន​បញ្ជាក់​ថា​កងកម្លាំង​ប្រចាំ​តំបន់​នេះ​បាន​ចាប់ខ្លួន​បុរស​៣​នាក់​ប្រដាប់​ដោយ​អាវុធ​ខុសច្បាប់​ និង​បាន​ឆែកឆេរ​រក​ឃើញ​ស៊ី​មកា​ត​ទូរស័ព្ទ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​លើ​ខ្លួន​របស់​ពួក​គេ​ថែម​ទៀត​ផង​ ។​ ប៉ូលិស​បញ្ជាក់​ថា​ គេ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ​ថា​ តើ​ក្រុម​បុរស​ទាំង​៣​នាក់​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ដែល​បាន​វាយប្រហារ​មក​លើ​បន្ទាយ​កងទ័ព​ជើង​អាកាស​ឥណ្ឌា​ដែរ​ឬ​យ៉ាងណា​នោះ​ ។​

​ការ​វាយប្រហារ​បន្ទាយ​កងទ័ព​ជើង​អាកាស​ Pathankot​ បាន​ចាប់ផ្តើម​ឡើង​នៅ​វេលា​មុន​ថ្ងៃ​រៀប​អស្តង្គត​ ចុង​ស​ប្តា​ហ៍​មុន​ នៅ​ពេល​ដែល​ខ្មាន់កាំភ្លើង​មួយ​ក្រុម​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ឥណ្ឌា​ ចូល​ទៅ​កាន់​ទីលាន​បន្ទាយ​កងទ័ព​ជើង​អាកាស​រួច​មក​នោះ​ ។​

​ការ​ផ្ទុះអាវុធ​ចាប់ផ្តើម​កើតឡើង​ ដោយ​មានការ​ប្រើ​អាវុធ​ធុន​ធ្ងន់​ផង​ដែរ​ ។​ ឧទ្ធម្ភាគចក្រ​ចាប់ផ្តើម​ហោះហើរ​ឆ្វេ​ច​ឆ្វាច់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រមាញ់​ក្រុម​ខ្មាន់កាំភ្លើង​ ។​

​ការ​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ​ ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​បាន​ស្រុះស្រួល​គ្នា​ផ្តួចផ្តើម​ឲ្យ​មានការ​ចរចា​សន្តិភាព​ដែល​ជាប់​គាំង​ជា​យូរ​មក​ហើយ​នោះ​ ។​ ប៉ុន្តែ​ការ​វាយប្រហារ​នៅ​ពេល​នេះ​ ទំនង​ធ្វើ​ឲ្យ​គម្រោង​ចរចា​សន្តិភាព​ពេល​នេះ​អាក់​ខានទៅ​វិញ​ជាក់​ជា​មិន​ខាន​ ។​

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ បាន​ធ្វើ​ទស្សនកិច្ច​ដោយ​គ្មាន​ការ​រំពឹងគិត​ទុកជា​មុន​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ជួប​ជាមួយ​សម​ភាគី​ប៉ា​គី​ស្ថាន​ លោកនាយក​រដ្ឋមន្ត្រី​ ណា​វាស់​ សារី​ហ្វ​ ។​ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៥​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នោះ​គឺ​គោលដៅ​ផ្តួចផ្តើម​ឲ្យ​មានការ​ចរចា​សន្តិភាព​ និង​បង្ក​បរិយាកាស​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ ។​

​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​ ក៏​ដូច​ក្រសួងការបរទេស​អា​មេ​រិ​ក​ផង​ដែរ​បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​បន្ទាយ​កងទ័ព​ជើង​អាកាសប្រទេស​ឥណ្ឌា​នៅ​ពេល​នេះ​ ។​ បន្ទាយ​កងទ័ព​ជើង​អាកាស​ Pathankot​ មាន​មូលដ្ឋាន​នៅ​ចម្ងាយ​ប្រមាណ​៤៣០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ញូ​វ​ដេ​លី​ និង​មាន​ផ្លូវ​ភ្ជាប់​ត្រង់​ទៅ​ដល់​តំបន់​កា​ស្មៀ​រ​ផង​ដែរ​ ។​ក្រោយ​ទទួល​ឯករាជ្យ​៧០​ឆ្នាំ​កន្លង​មក​ ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​តែងតែ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ជា​និច្ច​ទាក់ទង​ដែន​អធិបតេយ្យ​នៅ​តំបន់​កា​ស្មៀ​រ​ ៕​

2

john-kirby_650x400_51451955358

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print