ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូលឿនមិនប្រយត្ន័ទៅ ប៉ះជាមួយក្បាលរថយន្តដែលកំពុងបយ់ឆ្លងផ្លូវត្រលប់ក្រោយមិនបាន ស៊ីញ៉ូ បណ្តាលផ្លោងម៉ូតូទៅបោកនឹងឃឿនចិញ្ចើមផ្លូវ រីឯមនុស្សផ្លោងបោកក្បាលពីក្រោយទៅលើឥដ្ឋការូឡា ស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិចតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះខាងលើមានឈ្មោះ អ៊ វណ្ណដា អាយុ ២៩ឆ្នាំ ហើយសព្វថ្ងៃទើបតែប្រលងជាប់ជាគ្រូបង្រៀននិងរៀនបន្តផ្នែកច្បាប់ មានស្រុកកំណើតនៅភូមិតាឡង ឃំុកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវនៅឡើយទេ ជិះម៉ូតូ១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7079 ចំណែករថយន្តម៉ាកឡិចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2AF-4099 ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯងយ៉ាងលឿនតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈជិតមកដល់កន្លែងកើតហេតុជាកន្លែងផ្លូវកោងក៏រថយន្ត Lexus RX300 បើកទិសដៅពីកើតទៅលិច ហើយបានបត់ត្រឡប់ដោយមិនបានស៊ិញ៉ូ ជាហេតុធ្វើអោយម៉ូតូ គេមិនទាន់ប៉ះដៃចង្កីតម៉ូតូនិងក្បាលរថយន្តចំហៀងខាងស្តាំ ខ្ទាតម៉ូតូបុកខឿនថ្នល់ រីឯមនុស្សផ្លោងហោះទៅលើឥដ្ឋការូឡា បោកក្បាលពីក្រោយបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះប្រជាពលរដ្ឋបានស្ទាក់ឃាត់រថយន្តប្រគល់ឲ្យសមត្ថកិច្ចផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងយកវត្ថុតាងទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើឯកសាររួច ប្រគល់អោយសាច់ញាតិដើម្បីមកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕
ដោយ៖ សុខាសែនជ័យ