(​បទ​អត្ថាធិប្បាយ​)៖​ ៧​មក​រា​ ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ រំលឹក​នូវ​ភាព​ជា​ម្ចាស់​នៃ​ការ​រស់រាន​មានជីវិត​ជា​ថ្មី​!

ចែករំលែក៖

​ប្រវត្តិសាស្ត្រ​ជា​ស្ពាន​ដែល​ត​ភ្ជាប់​អតីតកាល​មក​បច្ចុប្បន្នកាល​ និង​ចង្អុលបង្ហាញ​ពី​អនាគត​ កាល​។​ ប្រជាជាតិ​មួយ​ ឬ​បុគ្គល​ណាមួយ​ដែល​មិន​ស្គាល់​ពី​អតីតកាល​ និង​មិន​យល់​ពី​បច្ចុប្បន្ន​ កាល​ ប្រៀប​បាន​ទៅ​និង​ការ​ដែល​មិន​បានដឹង​ថា​ ខ្លួនឯង​ឲ្យ​ច្បាស់​ថា​ មាន​ប្រវត្តិ​យ៉ាងដូចម្តេច​ ហើយ​បាន​និង​កំពុង​តែ​ធ្វើ​អ្វី​តទៅ​ថ្ងៃ​មុខ​ទៀត​។​ ក្នុង​ន័យ​ថា​ មាន​ថ្ងៃនេះ​ គឺ​ពិតជា​ធ្លាប់​បាន​ឆ្លងកាត់​ពី​អ​តី​កាល​ គ្រាន់តែ​អ្នកខ្លះ​បាន​កើត​ទាន់​របប​វាល​ពិឃាត​ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ រួម​ជាមួយ​យុវជន​ជំនាន់​ក្រោយ​ខ្លះ​កើត​មិន​ទាន់​របប​ដ៏​ឃោរឃៅ​យង់ឃ្នង​នោះ​តែ​ប៉ុណ្ណោះ​។​

​សក្ខីភាព​នៃ​ប្រវត្តិសាស្ត្រ​ដែល​កើត​ចេញពី​ចលនា​តស៊ូ​រំដោះជាតិ​មាតុភូមិ​ រហូត​ធានា​បាន​នូវ​សុខ​សន្តិភាព​មក​ដល់​បច្ចុប្បន្ន​ គឺជា​ពន្លឺ​នៃ​សច្ចធម៌​ និង​ជា​ដួង​ព្រលឹង​នៃ​ការ​រំលឹក​ភាព​ជា​ម្ចាស់​ នៃ​ការ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។​

​តើ​អ្វី​ទៅ​ជា​ពន្លឺ​នៃ​សច្ចធម៌​ ដែល​ជា​ព្រលឹង​នៃ​ការ​រំលឹក​ភាព​ជា​ម្ចាស់​នៃ​ការ​រស់រាន​មានជីវិត​ ជា​ថ្មី​?

​គេ​នៅ​ចង​ចាំ​បាន​ថា​ ចាប់ពី​ថ្ងៃ​ទី​១៧​ មេ​សា​ ឆ្នាំ​១៩៧៥​ ដល់​ថ្ងៃ​ទី​៧​ មក​រា​ ១៩៧៩​ គឺ​មាន​រយៈពេល​ ៣​ឆ្នាំ​ ៨​ខែ​ ២០​ថ្ងៃ​ ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (​ខ្មែរក្រហម​)​ ដែល​បាន​បំផ្លាញ​ហេ​ដ្ឋា​រចនា​សង្គម​ក្លាយជា​ផេះ​ ការ​ធ្វើ​ទារុណកម្ម​ កាប់សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់​លាន​នាក់​ និង​បាន​ បន្សល់​ទុក​នូវ​វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ​ ដែល​ការ​ឈឺចាប់​ទាំងនេះ​ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងកាត់​នូវ​របប​នោះ​ចង​ចាំ​ជា​និច្ច​។​

​សោកនាដកម្ម​ និង​ទុក្ខវេទនា​ដ៏​មហា​ខ្លោចផ្សា​អស់ទាំង​នេះ​ មនុស្ស​គ្រប់​រូប​ ជា​ពិសេស​ អ្នកនយោបាយ​ខ្មែរ​មិន​គួរ​បិទ​បាំង​អំពី​កត្តា​ប្រវត្តិសាស្ត្រ​ តាម​រយៈ​ការ​បំភ្លៃ​ បំផ្លើស​ បំពុល​ប្រវត្តិសាស្ត្រ​ ពិត​របស់​កម្ពុជា​នោះ​ទេ​ គួរតែ​ចងក្រង​ដើម្បី​ឲ្យ​កូន​ខ្មែរ​ យុវជន​ និង​អ្នកដឹកនាំ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​ និង​ចៀសវាង​បញ្ហា​អតីតកាល​កើត​ឡើងជា​ថ្មី​ម្តងទៀត​។​

​តើ​នរណា​ជា​ឥស្សរជន​ដែល​បាន​បញ្ចប់​របប​វាល​ពិឃាត​ និង​សង្គ្រោះ​ជីវិត​ពលរដ្ឋ​កម្ពុជា​ ឲ្យ​រស់រាន​មានជីវិត​រហូត​មក​ដល់​បច្ចុប្បន្ន​?

​សំនួរ​នេះ​ គឺ​មិន​មាន​អ្វី​ជា​អា​ថិ​កំបាំង​ ដែល​ពិបាក​ក្នុង​ការ​រក​ចម្លើយ​នោះ​ទេ​ វា​លែង​តែ​មាន​ក្រុម​ជន​មួយ​ចំនួន​មាន​ចេតនា​បិទ​បាំង​ការ​ពិត​ និង​មិន​មាន​សេចក្តី​ក្លាហាន​លាតត្រដាង​ ដើម្បី​ខ្លាច​ បាត់បង់​ប្រជាប្រិយ៍ភាព​របស់​ខ្លួន​ ពីព្រោះ​មាន​អ្នកនយោបាយ​ខ្លះ​ ក៏​គេ​មានជីវិត​ និង​សកម្មភាព​នយោបាយ​ប្រជា​ភិ​ថុ​ត​បាន​មក​ដល់​សព្វថ្ងៃ​ដោយសារ​គុណ​បំណាច់​ថ្ងៃ​រំដោះ​៧​មក​រា​នោះ​ដែរ​។​

​ថ្ងៃ​រំដោះ​៧​មក​រា​ ឆ្នាំ​១៩៧៩​ ត្រូវ​បាន​ពិភពលោក​ទាំងមូល​ដឹង​យ៉ាង​ច្បាស់​ថា​ អ្នក​ដែល​បាន​បញ្ចប់​របប​វាល​ពិឃាត​ និង​សង្គ្រោះ​ជីវិត​មនុស្ស​ គឺ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​បាន​បង្កើត​កម្លាំង​ចលនា​តស៊ូ​ រហូត​ដណ្តើម​បាន​ជ័យ​ជំនះ​ពី​ពួក​របប​អាវ​ខ្មៅ​ នៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​ ១៩៧៩​ ដែល​មាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ស្ថាបនិក​នៃ​កម្លាំង​រណសិរ្ស​នេះ​ ដោយ​មានការ​ចូលរួម​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។​

​គុណ​បំណាច់​ជា​ប្រវត្តិសាស្ត្រ​នេះ​ ជា​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ ព្រមទាំង​យុវជន​ ក្នុង​សម័យ​នោះ​ជា​ច្រើន​នាក់​ទៀត​ ដែល​ទាំងនេះ​ជា​ពន្លឺ​នៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លេច​ និង​បំភ្លៃ​ខុស​ពី​ការ​ពិត​បាន​ នោះ​ឡើយ​។​

​ដូច្នេះ​ ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ ជា​យុវជន​សម​យ័​ថ្មី​ ទោះជា​មិន​បាន​រួមចំណែក​ក្នុង​ការ​ បញ្ចប់​របប​វាល​ពិឃាត​ និង​សង្គ្រោះ​ជីវិត​មនុស្ស​ក៏​ដោយ​ចុះ​ ក៏​គួរតែ​ដឹង​ និង​ទទួលស្គាល់​អំពី​តម្លៃពិត​ នៃ​ប្រវត្តិសាស្ត្រ​ ដែល​ជា​ស្រមោល​អតីតកាល​ដ៏​ជូរ​ចត់​មួយ​នេះ​។​ បច្ចុប្បន្ន​ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​អាវ​ខ្មៅ​ប្រល័យពូជសាសន៍​ បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ពី​តុលាការ​វិសាមញ្ញ​ កម្ពុជា​ អ​.​វ​.​ត​.​ក​ ដែល​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​នៅ​ក្នុង​របប​នោះ​យ៉ាង​ពិតប្រាកដ​។​

​ដូច្នេះ​ ថ្ងៃ​៧​មក​រា​ គឺជា​របស់​ប្រជាជន​កម្ពុជា​ មិនមែន​ជា​របស់​ផ្តាច់មុខ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​ ឬ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​វា​ជា​របស់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​។​

​ការ​ចូលរួម​ធំ​បំផុត​របស់​ប្រជាជន​កម្ពុជា​នេះ​ បាន​ធ្វើ​ឲ្យ​របប​នេះ​ ដួល​រំលំ​រលាយ​ រហូត​បាត់​អស់ទាំង​ស្រុង​មនោ​គម​វិជ្ជា​នៃ​ក្រុម​ជន​ផ្តាច់​ការ​។​ ដូច្នេះ​ ភារកិច្ច​ដ៏​សំខាន់​ពីរ​ ដែល​ប្រជាពលរដ្ឋ​ គ្រប់​រូប​ យុវជន​ អ្នកនយោបាយ​ ត្រូវ​តែ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នោះ​គឺ​ ១-​ទប់ស្កាត់​ការ​វិល​ត្រឡប់​ជា​ថ្មី​ឲ្យ​ខាន​តែ​បាន​របស់​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ និង​ទី​២-​ដោះស្រាយ​ជីវភាព​ប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ ថែម​ទៀត​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ខិតខំ​ស្តារ​ កសាង​ និង​អភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេ​ រហូត​មាន​អ្វីៗ​គ្រប់យ៉ាង​ រួម​ទាំង​ដំណើរការ​ប្រជាធិបតេយ្យ​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ​ ការ​គោរព​សិទ្ធិ​មនុស្ស​ ជា​ពិសេស​ការ​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ​ សន្តិសុខ​ទូ​ទាំង​ផ្ទៃ​ប្រទេស​ ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ឯកភាព​ទឹកដី​ និង​ការ​រស់នៅ​ក្រោម​ដំបូល​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ ដែល​មាន​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​។​

​ដូចនេះ​ ទិវា​ប្រវត្តិសាស្ត្រ​ ថ្ងៃ​៧​មក​រា​ ជា​ពន្លឺ​នៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ​ ជា​ដួង​ព្រលឹង​នៃ​ការ​ រំលឹក​ភាព​ជា​ម្ចាស់​នៃ​ការ​រស់រាន​មានជីវិត​ជា​ថ្មី​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ​។​ កត្តា​ប្រវត្តិសាស្ត្រ​ ទាំងនេះ​ បាន​ចង​ភ្ជាប់​រវាង​អតីតកាល​ មក​បច្ចុប្បន្នកាល​ ដែល​មនុស្ស​ខ្មែរ​គ្រប់ៗ​រូប​ត្រូវ​តែ​ចង​ចាំ​ ស្វែង​យល់​ដើម្បី​កុំ​ឲ្យ​ប្រវត្តិ​ដ៏​ឈឺចាប់​ទាំង​អស់នេះ​ កើត​ទ្បើ​ង​ជា​ថ្មី​ទៀត​ នៅ​លើ​ទឹកដី​កម្ពុជា​ដ៏​បវរ​ របស់​យើង​។​ ក្នុង​ន័យ​ថា​ បើ​ស្រឡាញ់​ជាតិ​ ស្នេហា​ជាតិ​ គឺ​ត្រូវ​តែ​ស្គាល់​ពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ ៕​

...

អត្ថបទ​ដោយ៖​ សៅ​ សុភៈ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print