ប្រវត្តិសាស្ត្រជាស្ពានដែលតភ្ជាប់អតីតកាលមកបច្ចុប្បន្នកាល និងចង្អុលបង្ហាញពីអនាគត កាល។ ប្រជាជាតិមួយ ឬបុគ្គលណាមួយដែលមិនស្គាល់ពីអតីតកាល និងមិនយល់ពីបច្ចុប្បន្ន កាល ប្រៀបបានទៅនិងការដែលមិនបានដឹងថា ខ្លួនឯងឲ្យច្បាស់ថា មានប្រវត្តិយ៉ាងដូចម្តេច ហើយបាននិងកំពុងតែធ្វើអ្វីតទៅថ្ងៃមុខទៀត។ ក្នុងន័យថា មានថ្ងៃនេះ គឺពិតជាធ្លាប់បានឆ្លងកាត់ពីអតីកាល គ្រាន់តែអ្នកខ្លះបានកើតទាន់របបវាលពិឃាត និងប្រជាពលរដ្ឋខ្លះទៀត រួមជាមួយយុវជនជំនាន់ក្រោយខ្លះកើតមិនទាន់របបដ៏ឃោរឃៅយង់ឃ្នងនោះតែប៉ុណ្ណោះ។
សក្ខីភាពនៃប្រវត្តិសាស្ត្រដែលកើតចេញពីចលនាតស៊ូរំដោះជាតិមាតុភូមិ រហូតធានាបាននូវសុខសន្តិភាពមកដល់បច្ចុប្បន្ន គឺជាពន្លឺនៃសច្ចធម៌ និងជាដួងព្រលឹងនៃការរំលឹកភាពជាម្ចាស់ នៃការរស់រានមានជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។
តើអ្វីទៅជាពន្លឺនៃសច្ចធម៌ ដែលជាព្រលឹងនៃការរំលឹកភាពជាម្ចាស់នៃការរស់រានមានជីវិត ជាថ្មី?
គេនៅចងចាំបានថា ចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ ការធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងបាន បន្សល់ទុកនូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ ដែលការឈឺចាប់ទាំងនេះ ត្រូវបានពលរដ្ឋខ្មែរដែលឆ្លងកាត់នូវរបបនោះចងចាំជានិច្ច។
សោកនាដកម្ម និងទុក្ខវេទនាដ៏មហាខ្លោចផ្សាអស់ទាំងនេះ មនុស្សគ្រប់រូប ជាពិសេស អ្នកនយោបាយខ្មែរមិនគួរបិទបាំងអំពីកត្តាប្រវត្តិសាស្ត្រ តាមរយៈការបំភ្លៃ បំផ្លើស បំពុលប្រវត្តិសាស្ត្រ ពិតរបស់កម្ពុជានោះទេ គួរតែចងក្រងដើម្បីឲ្យកូនខ្មែរ យុវជន និងអ្នកដឹកនាំជំនាន់ក្រោយបានរៀនសូត្រ និងចៀសវាងបញ្ហាអតីតកាលកើតឡើងជាថ្មីម្តងទៀត។
តើនរណាជាឥស្សរជនដែលបានបញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតពលរដ្ឋកម្ពុជា ឲ្យរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន?
សំនួរនេះ គឺមិនមានអ្វីជាអាថិកំបាំង ដែលពិបាកក្នុងការរកចម្លើយនោះទេ វាលែងតែមានក្រុមជនមួយចំនួនមានចេតនាបិទបាំងការពិត និងមិនមានសេចក្តីក្លាហានលាតត្រដាង ដើម្បីខ្លាច បាត់បង់ប្រជាប្រិយ៍ភាពរបស់ខ្លួន ពីព្រោះមានអ្នកនយោបាយខ្លះ ក៏គេមានជីវិត និងសកម្មភាពនយោបាយប្រជាភិថុតបានមកដល់សព្វថ្ងៃដោយសារគុណបំណាច់ថ្ងៃរំដោះ៧មករានោះដែរ។
ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ត្រូវបានពិភពលោកទាំងមូលដឹងយ៉ាងច្បាស់ថា អ្នកដែលបានបញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្ស គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតកម្លាំងចលនាតស៊ូ រហូតដណ្តើមបានជ័យជំនះពីពួករបបអាវខ្មៅ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកនៃកម្លាំងរណសិរ្សនេះ ដោយមានការចូលរួមពីកងទ័ពស្ម័គ្រចិត្តវៀតណាម។
គុណបំណាច់ជាប្រវត្តិសាស្ត្រនេះ ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ព្រមទាំងយុវជន ក្នុងសម័យនោះជាច្រើននាក់ទៀត ដែលទាំងនេះជាពន្លឺនៃសច្ចធម៌ប្រវត្តិសាស្ត្រមិនអាចបំភ្លេច និងបំភ្លៃខុសពីការពិតបាន នោះឡើយ។
ដូច្នេះ ក្នុងនាមជាពលរដ្ឋកម្ពុជា ជាយុវជនសមយ័ថ្មី ទោះជាមិនបានរួមចំណែកក្នុងការ បញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្សក៏ដោយចុះ ក៏គួរតែដឹង និងទទួលស្គាល់អំពីតម្លៃពិត នៃប្រវត្តិសាស្ត្រ ដែលជាស្រមោលអតីតកាលដ៏ជូរចត់មួយនេះ។ បច្ចុប្បន្ន មេដឹកនាំជាន់ខ្ពស់នៃរបបអាវខ្មៅប្រល័យពូជសាសន៍ បាននិងកំពុងប្រឈមមុខនឹងការផ្តន្ទាទោសពីតុលាការវិសាមញ្ញ កម្ពុជា អ.វ.ត.ក ដែលយុត្តិធម៌ត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះនៅក្នុងរបបនោះយ៉ាងពិតប្រាកដ។
ដូច្នេះ ថ្ងៃ៧មករា គឺជារបស់ប្រជាជនកម្ពុជា មិនមែនជារបស់ផ្តាច់មុខរបស់គណបក្សប្រជាជន កម្ពុជា ឬរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានោះទេ ប៉ុន្តែវាជារបស់ប្រជាជនខ្មែរគ្រប់ៗរូប។
ការចូលរួមធំបំផុតរបស់ប្រជាជនកម្ពុជានេះ បានធ្វើឲ្យរបបនេះ ដួលរំលំរលាយ រហូតបាត់អស់ទាំងស្រុងមនោគមវិជ្ជានៃក្រុមជនផ្តាច់ការ។ ដូច្នេះ ភារកិច្ចដ៏សំខាន់ពីរ ដែលប្រជាពលរដ្ឋ គ្រប់រូប យុវជន អ្នកនយោបាយ ត្រូវតែចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានោះគឺ ១-ទប់ស្កាត់ការវិលត្រឡប់ជាថ្មីឲ្យខានតែបានរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត និងទី២-ដោះស្រាយជីវភាពប្រជាជនឲ្យបានកាន់តែប្រសើរឡើង ថែមទៀត ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង រួមទាំងដំណើរការប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនជារៀងរាល់ឆ្នាំ ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិ។
ដូចនេះ ទិវាប្រវត្តិសាស្ត្រ ថ្ងៃ៧មករា ជាពន្លឺនៃសច្ចធម៌ប្រវត្តិសាស្ត្រ ជាដួងព្រលឹងនៃការ រំលឹកភាពជាម្ចាស់នៃការរស់រានមានជីវិតជាថ្មីដែលមិនអាចប្រកែកបានឡើយ។ កត្តាប្រវត្តិសាស្ត្រ ទាំងនេះ បានចងភ្ជាប់រវាងអតីតកាល មកបច្ចុប្បន្នកាល ដែលមនុស្សខ្មែរគ្រប់ៗរូបត្រូវតែចងចាំ ស្វែងយល់ដើម្បីកុំឲ្យប្រវត្តិដ៏ឈឺចាប់ទាំងអស់នេះ កើតទ្បើងជាថ្មីទៀត នៅលើទឹកដីកម្ពុជាដ៏បវរ របស់យើង។ ក្នុងន័យថា បើស្រឡាញ់ជាតិ ស្នេហាជាតិ គឺត្រូវតែស្គាល់ពីការពិតនៃប្រវត្តិសាស្ត្រ ៕
អត្ថបទដោយ៖ សៅ សុភៈ