ស្ទឹងត្រែង÷នៅព្រឹកថ្ងៃទី២០ ខែមករា ២០២០សត្វប្រម៉ា៤ក្បាល ត្រូវបានក្រុមឈ្មួញ ប្រើប្រាស់ ជារូបភាពក្មេងៗដឹកជញ្ជូនតាមម៉ូតូ យកមកលក់ឲ្យឈ្មួញនៅក្នុងខេត្តយ៉ាងគឃ្លើនខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់ដូចជាមិនរវីរវល់តិចសោះ ។
លោកវ៉ា សុផាន់ ប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា សត្វប្រម៉ា ដែលកម្លាំងនគរបាល លោកបានចាប់ខាងលើនេះ គឺក្រុមឈ្មួញបានឲ្យ ក្មេង ប្រុស តូចៗបីនាក់ ដឹក តាមរយៈម៉ូតូ យកមកលក់ នៅក្នុងខេត្ត លុះដល់ ចំណុច ខាងលើ ស្ពានសេកុង ស្ទឹងត្រែង ក៏ត្រូវបាន កម្លាំងនគរបាលឃាត់ និង ឆែកឆេឃើញសត្វប្រម៉ាងាប់បួនក្បាលនៅក្នុងការុង ក៍ធ្វើការឃាត់ខ្លួនតែម្ដង។
លោកបានបន្តទៀតថា បន្ទាប់ពីរឃើញសត្វប្រម៉ា នៅក្នុងការុង ដែលក្រុមឈ្មួញឲ្យក្មេង ប្រុសតូចៗដឹកតាមរយៈម៉ូតូរួចមក ត្រូវបានយកមកស្នងការនគរបាលខេត្ត ធ្វើកំណត់ហេតុនឹងធ្វើការប្រគល់ទៅអោយជំនាញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ចាត់ការតាមនិតិវិធីច្បាប់។
ក្រោយមកសមត្ថកិច្ចនឹងមន្ត្រីជំនាញសហការគ្នា ក៍សម្រេចធ្វើការដុតបំផ្លាញសាច់សត្វប្រម៉ាទាំងបួនក្បាលនោះចោល នៅក្នុងស្នងការខេត្តតែម្ដង ដោយឡែកក្មេងប្រុសតូចទាំងបីនាក់ ត្រូវបាន សមត្ថកិច្ច ហៅឪពុកម្ដាយ ឲ្យធានានិងធ្វើកិច្ចសន្យា រួចឲ្យត្រលប់ទៅផ្ទះវិញ ហើយក៍អប់រំនែនាំកុំឲ្យបរបាញ់សត្វព្រៃ នឹងជួញដូរសត្វព្រៃ ដែលជាអំពើរខុសច្បាប់ទៀត ។ សូមបញ្ជាក់ផងដែរថា សត្វប្រម៉ាបួនក្បាលខាងលើនេះ មានទម្ងន់រសុប២៥ គីឡូក្រាម ៕ មាស សុផាត