ឆ្នាំ២០២០នេះការបាញ់ប្រហារនៅអាមេរិក អាចនឹងកើនឡើងខ្ពស់ ដោយក្នុងរយៈពេលជាង២សប្តាហ៍ មានករណីបាញ់ប្រហារ ជាច្រើន កើតឡើង។ នៅពេលនេះ មានការបា្៉ប្រហារ នៅរដ្ឋហាវៃ សម្លាប់ប៉ូលិស២នាក់។
ជនដៃដល់បានផ្ទុះអាវុធសំដៅទៅលើកម្លាំងប៉ូលិស ហើយថែមទាំងដុតផ្ទះមួយខ្នង នៅក្នុងតំបន់ Diamond Head ធ្វើឲ្យអណ្តាតភ្លើងរាលដាលឆេះផ្ទះពលរដ្ឋក្បែរៗនោះ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃទី១៩ខែមករា បានផ្សាយថា ប៉ូលិសពីរនាក់នៅក្នុងរដ្ឋហាវៃត្រូវជនដៃដល់បាញ់សម្លាប់ ស្ថិតនៅតំបន់ប្រជុំជន ក្បែរឆ្នេរសមុទ្រទេសចរណ៍ Waikiki លើកោះ Oahu ។ មកទល់ពេលនេះជនដៃដល់ដែលបាញ់ប្រហារសម្លាប់ប៉ូលិសនោះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
គេហទំព័រ Hawaii News Now បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា ប៉ូលិសពីរនាក់ក្នុងស្រុក Honolulu ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ជាមួយគ្នានោះសារព័ត៌មាន Honolulu Star-Advertiser បានប្រកាសឲ្យដឹងថា ជនដៃដល់ ចាប់ខ្លួនមិនទាន់បាននៅឡើយទេ ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងតំបន់ ខ្លាចមានការបាញ់ប្រហារជាថ្មី ឬចាប់ពលរដ្ឋធ្វើជាចំណាប់ខ្មាំង។
នៅលើបណ្តាញសង្គមស្នងការប៉ូលិសស្រុក Honolulu បានប្រកាសឲ្យដឹងថា ប៉ូលិសបានឡោមព័ទ្ធតំបន់ Diamond Head ទាំងមូលដើម្បីតាមចាប់ខ្លួនជនដៃដល់ ។ ចំណែកកម្លាំងប៉ូលិសកំពុងស្រាវជ្រាវ ពីមូលហេតុនៃការបាញ់ប្រហារខាងលើ ៕