ចិន ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ជាពេលវេលា ដែល ពលរដ្ឋចិន ប្រមូលផ្តុំគ្នា ឬធ្វើដំណើរជាច្រើន។ តាមតួលេខពីរដ្ឋាភិបាល មានពលរដ្ឋចិន ដែលត្រូវធ្វើដំណើរចុះឡើង ប្រមាណ៣ពាន់លានជើង ដោយអ្នកខ្លះត្រូវធ្វើដំណើរ ២ឬ៣លើក ទៅលេងបងប្អូនជាដើម។ ទាំងនោះហើយអាចបង្កឲ្យមានជំងឺឆ្លងរាលដាលកាន់តែខ្លាំង បង្កក្តីបារម្ភយ៉ាងខ្លាំង។
នៅពេលនេះ ជំងឺម្យ៉ាងដែលក្រុមជំនាញនៅមិនទាន់កំណត់អត្តសញ្ញាណច្បាស់លាស់ ម្តងហៅថាជាជំងឺរលាកសួតធ្ងន់ធ្ងរមិនស្គាល់អំពីប្រភព ម្តងហៅថាជាជំងឺរលាកស្រោមខួរក្បាល ដែលផ្ទុះឡើងដំបូងគេនៅក្នុងប្រទេសចិន ភាគកណ្តាលនោះបាននិងកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ វាបានរាលដាលដល់ប្រទេសថៃ និងប្រទេសជប៉ុនផងដែរ បង្កឲ្យក្តីបារម្ភកើនឡើងយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានបញ្ជាក់ថា ករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញា ឬប្រភពច្បាស់លាស់នោះបានកើនឡើងរហូត១៣៩ករណីហើយ ។
ក្រុមអ្នកជំនាញអំពីបញ្ហានេះបាននិងកំពុងតែស្វែងយល់ ស្តីអំពីជំងឺ កូរូណាវីរុស (coronavirus)ដែលជាជំងឺរលាកស្រោមខួរក្បាលនេះ ខណៈដែលវាបានរាលត្បាតឆ្លងទៅដល់ទីក្រុងប៉េកាំង និងនៅខេត្តក្វាងទុងហើយ ។ ជំងឺនេះប្រភពដើមរបស់វាមកពីទីក្រុង វូហាន (Wuhan) ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន ។
គណៈកម្មសុខាភិបាលទីក្រុងប៉េកាំងអះអាងថា មានផ្ទុះជំងឺនេះពីរករណីហើយ ខណៈដែលនៅខេត្តក្វាងទុង ផ្ទុះមួយករណី ។
នៅទីក្រុង Wuhan សេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលក្នុងតំបន់បានបញ្ជាក់ថា ជំងឺ កូរ៉ូណាវីរុសនេះបានកើតឡើង១៣៦ករណី គិតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ។ ក្នុងនោះមនុស្ស៣នាក់រួចមកហើយបានស្លាប់ទាក់ទងនឹងជំងឺនេះ ។
ប្រទេសចិន ក៏ដូចជាអង្គការសុខភាពពិភពលោក បាននិងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កុំឲ្យជំងឺនេះឆ្លងរាលដាល់ទ្រង់ទ្រាយធំ ខណៈដែលវាបានកើតឡើងដំបូងគេកាលពីចុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង វូហាន ហើយដែលមានលក្ខណៈដូចជាជំងឺរលាកសួតធ្ងន់ធ្ងរនោះ ។
រហូតមកដល់ពេលនេះមាន៣ករណីផ្ទុះឡើងនៅក្រៅប្រទេសចិន ក្នុងនោះ ប្រទេសថៃមាន២ករណី និងប្រទេសជប៉ុនមានមួយករណី ដោយអាស្រ័យថា អ្នកជំងឺបានធ្វើដំណើរទៅកាន់ទីក្រុង វូហានអំឡុងពេលថ្មីៗ ៕