រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការ លើជនណាដុតផាវឬនាំគ្រឿងផ្ទុះគ្រប់ប្រភេទលក់នៅបុណ្យចូលឆ្នាំចិន-វៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិត​ប្រកាសជូនដំណឹងថា រក្សានិងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដោយតម្រូវឲ្យប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់អាជ្ញាធរ​ដែលពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ។

លិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ ៖

ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង ។ រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវឬទ្រងផ្លូវសាធារណៈ។

៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូល ដាវ កាំជ្រួច ជាតិផ្ទះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤-គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោ​ជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៥-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀត​ណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ។

៧-ជនណាបំពានលើសេចក្តីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់​​ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print