ប៉ារ៉ាហ្គាយ៖ អ្នកទោសជិត១០០ ចេញពីគុកដោយសុវត្ថិភាពតាមរូងក្រោមដី

ចែករំលែក៖

ប្រទេសប៉ារ៉ាហ្គាយ៖ ប៉ារ៉ាហ្គាយជាប្រទេសដែលមានក្រុមអ្នកទោសច្រើន ក្នុងតំបន់​ ហើយភាគច្រើនអ្នកទោសពាក់ព័ន្ធក្រុមជួញដូរគ្រឿងញៀន​។ នៅពេលនេះ អ្នកទោស នៅក្នុងគុកតំបន់ព្រំដែន បាន ជីករូងក្រោមដីរត់ចេញសោយសុវត្ថិភាព។

រដ្ឋាភិបាល​ប្រទេសប៉ារ៉ាហ្គាយ​បានប្រកាសថា ៖ យ៉ាងតិច​អ្នកទោស​៧៥នាក់​បានរត់រួចខ្លួន ក្នុងនោះ​មានទាំង​មេខ្លោង​ជើងកាង​ដ៏មានឥទ្ធិពល​បំផុត​នៅប្រេស៊ីល​ផងដែរ ។ ពួកគេបានរត់រួចពីគុក​មួយរបស់ប្រទេសប៉ារ៉ាហ្គាយ​ ដែលនៅជិតព្រំដែនប្រេស៊ីល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រោយពីក្រុមនេះនាំគ្នាជីកបានរូងក្រោមដី​មួយរត់ចេញពី​គុក ហើយដែលមន្ត្រី​ពន្ធនាគារ ​ត្រូវគេជឿជាក់ថា​បានដឹងអំពីសកម្មភាពនេះច្បាស់ជាងគេ ។

ប្រធានគុកនៅទីក្រុង Pedro Juan Caballero ជិតព្រំដែនជាមួយប្រទេស​ប្រេស៊ីល​​ត្រូវបានដកហូត​តួនាទី​ រួមជាមួយ​មន្ត្រី​ពន្ធនាគារ​៦នាក់ផ្សេងទៀត​ផងដែរ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ប៉ារ៉ាហ្គាយ​ លោក Celilia Perez ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ។

រដ្ឋាភិបាលប៉ារ៉ាហ្គាយ​នៅបាន​ថ្លែងទៀតថា អ្នកទោស​ដែលរត់រួចខ្លួន​នៅពេលនេះ​ មាន​សមាជិក​ក្រុម​អន្ធពាល​(PCC)ដ៏មានឥទ្ធិពល​នៅក្នុងប្រទេសប្រេស៊ីល​ផងដែរ ។ ក្រុមនេះ​មានភាពប៉ិនប្រសប់​ស្ទាត់ជំនាញ​នៅក្នុង​វិធីសាស្ត្រ​ប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មផ្សេងៗ​។​

តាមលោក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ Perez បញ្ជាក់​ប្រាប់បណ្តាញព័ត៌មាន​វិទ្យុ Monumental ផ្សាយតាមរលកធាតុអាកាសថា «វាជាប្រតិបត្តិការ​មួយ​ដែលចំណាយពេលច្រើនថ្ងៃ ហើយគេ​មិនជឿថា មន្ត្រី​ពន្ធនាគារ​នោះ​មិនដឹង​ថា ពួកអ្នកទោស​ទាំងនោះធ្វើសកម្មភាពជីករូង រត់គេចខ្លួននោះទេ…​កាលពីមុននេះ ក៏មានករណីបែបនេះផងដែរ ដោយការ​បង់ប្រាក់»។

គួរបញ្ជាក់ថា តំបន់ព្រំដែន​របស់ប៉ារ៉ាហ្គាយ​ជាប់ជាមួយ​ប្រទេសប្រេស៊ីល​នេះ ត្រូវបានចាត់ទុកថា​ជាចំណុចចរាចរណ៍​ឆ្លងកាត់ថ្នាំញៀនដ៏សំខាន់​របស់ក្រុមជួញដូរគ្រឿងញៀន និងក្រុមប្រព្រឹត្តបទឧក្រិដ្ឋដទៃផ្សេងៗទៀត​ជាច្រើនក្រុម ដូចជាក្រុមជនអន្ធពាលប្រេស៊ីល PCC ក្រុម Comando Vermelho ឬក្រុម Red Command ជាដើម ។

នៅពេលនេះ​ រដ្ឋាភិបាលប៉រ៉ាហ្គាយ​បានផ្តល់ដំណឹងដល់ប៉ូលិសប្រេស៊ីលហើយដែរ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមអ្នកទោស​ទាំងនោះ​នៅមិនទាន់ឆ្លងផុតពីទឹកដី​ប៉ារ៉ាហ្គាយនៅឡើយទេ ។

អគ្គគណៈមេធាវី​ប៉ារ៉ាហ្គាយ​លោក Sandra Quinonez ថ្លែងប្រាប់ប្រភពព័ត៌មានថា «ទីតាំង​នោះ​មានដើមឈើជាច្រើន ហើយពួកគេបានស្គាល់អំពីភូមិសាស្ត្រ…​អ្នកទោស​ទាំងនេះ​ដែលរត់រួច​ជាគ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្ស​ម្នាទាំងឡាយ» ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print