ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងការងារ រដ្ឋបាលទូទៅ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខណ្ឌអោយបានប្រសើរឡើងថែមទៀតនោះ លោកអភិបាលខណ្ឌច្បារអំពៅ បានធ្វើការណែនាំជាថ្មីម្តងទៀតដល់មន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ត្រូវពង្រឹងការងារឡើងវិញក្នុងឆ្នាំ២០១៦នេះ ជាពិសេសការងារសណ្តាប់ ការងារសន្តិសុខ សង្គមនិងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌ ។
ប្រសាសន៍ដាស់តឿនក្រើន រំលឹកដល់មន្ត្រីអោយពង្រឹងការងារឡើងវិញនេះបានលើកឡើងនៅគ្រាដែលលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌ អញ្ជើញជាអធិបតីនៅក្នុងកិច្ច ប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ។
ក្នុងកិច្ចប្រជុំនេះដែរលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ បានលើកឡើងពីបញ្ហាប្រឈមរួមមានល្បែងស៊ីសង ជក់ និងចែកចាយថ្នាំញៀន ករណីចាប់មុខសញ្ញាគ្រឿងញៀនហើយត្រូវបានតុលាការដោះលែងវិញ បញ្ហាសណ្តាប់ធ្នាប់ចរាចរ និងបញ្ហាលួចបើកហ្គែម ។
បន្ទាប់ពីស្តាប់នូវបញ្ហាប្រឈមនានាដែលលោក-លោកស្រី ជាចៅសង្កាត់់ទាំង៨បានលើកឡើងរួចមក លោកអ៊ាង ស៊ីផាន អភិបាល ខណ្ឌច្បារអំពៅបានធ្វើការណែនាំដូច្នេះថា បញ្ហាប្រឈមដែលនៅសេសសល់នេះគឺតម្រូវអោយយើងទាំងអស់ត្រូវតែប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមគ្នាអនុវត្តភារកិច្ចដែលជាបញ្ហាប្រឈមនានា ដូចជាល្បែងស៊ីសង ល្បែងហ្គែមបាញ់ត្រី ការបង្ក្រាបបទល្មើសគ្រឿងញៀន និងការរៀបចំសណ្តាប់ ធ្នាប់សាធារណៈ ជាដើម ។ ឆ្នាំ២០១៦នេះ មន្ត្រីទាំងអស់ត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួន ធ្វើការងារប្រកបដោយឆន្ទៈបំរើប្រជាពលរដ្ឋ ត្រូវសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបយើងឈានទៅអនុវត្តគោលនយោបាលភូមិសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អ ។
លោកអភិបាលបានបន្តថា ការបង្ក្រាបបទល្មើសផ្សេងៗ មិនមែនជាការងារងាយស្រួលពេកនោះទេ គឺទាមទារអោយ សមត្ថកិច្ចត្រូវមានកម្លាំងបង្កប់ ជាពិសេសកម្លាំងសមត្ថកិច្ចតែម្តងមិនត្រូវពាក់ព័ន្ធ និងការទទួលសំណូកពីក្រុមរកស៊ីខុសច្បាប់នោះឡើយ ។ បើមានការពាក់ព័ន្ធហើយមិនអាចបង្ក្រាបបាននោះទេ ដូច្នេះសូមជៀសវាងអោយឆ្ងាយពីបទល្មើស ។ ចំនុចពិសេសដែលឈានទៅបង្ក្រាបបទល្មើសបាននោះ គឺគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយកម្លាំងនគរបាលក្នុងការគ្រប់គ្រង ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់គ្រងសមាសភាពចេញ-ចូលក្នុងមូលដ្ឋាន និងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារអោយបានច្បាស់លាស់ ។ ត្រូវចាត់ទុកប្រជាពលរដ្ឋ ជាកម្លាំងចលករដ៍សំខាន់ក្នុងការគ្រប់គ្រងសន្តិសុខ ។ ដោយឡែកបញ្ហាសណ្តាប់ធ្នាប់សាធារណៈត្រូវបានប្រជាពលរដ្ឋរិះគន់ផងដែរ ដូចជានៅផ្សារព្រែកឯងយកចិញ្ចើមផ្លូវជាតិលេខ១ដាក់តាំងលក់ទំនិញ ផ្សារច្បារអំពៅ យកផ្លូវជុំវិញផ្សារដាក់លក់ទំនិញធ្វើអោយអ្នកដំណើរឆ្លងកាត់រិះគន់រៀងរាល់ថ្ងៃ ។ ដូច្នេះការងារសូមអោយមន្ត្រីទទួលបន្ទុកត្រូវរិះរកវិធីដោះស្រាយបន្ទាន់ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៦នេះ សូមអោយមន្ត្រីចំនុះជំនាញទាំងអស់ត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នាអនុវត្តភារៈកិច្ចដោយឆន្ទៈពិតប្រាកដ ត្រូវដាក់ចិត្តដាក់កាយ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋនោះទេ និយាយរួមត្រូវពង្រឹង ការងារឡើងវិញ រួមចិត្ត រួមគិត រួមគ្នាអនុវត្ត ៕
...
ដោយ៖ សណ្តោស