បច្ចុប្បន្នទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជាស៊ីរីស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត គឺអាចនិយាយបានថាគ្រោះថ្នាក់ជាងពេលកំពុងធ្វើសង្គ្រាមទៅទៀត។ ទាំងនោះហើយបានជាអ្នកឯកទេស បានស្នើឲ្យរដ្ឋាភិបាលដកទាហានអាមេរិក ចេញពីអ៊ីរ៉ាក់ និងស៊ីរី កំឲ្យហួសពេល។
សារព័ត៌មាន National Interest បានដកស្រង់សម្តី អ្នកឯកទេសវិភាគយោធាអាមេរិក លោក Daniel Davis បានព្រមានថា សកម្មភាពវាយប្រហារទៅលើទីតាំង និងទាហានអាមេរិក នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ កើនឡើងខ្ពស់ជាមុន ហើយការវាយប្រហារ ចំគោលដៅបណ្តាលឲ្យស្លាប់និងរបួសច្រើនជាងមុន ។ ទាំងនោះហើយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគួតែដកទាហានចេញពីស៊ីរី និងអ៊ីរ៉ាក់ ឲ្យបានទាន់ពេលវេលា បញ្ចៀសការស្លាប់កាន់តែច្រើន។
តាមការលើកឡើងរបស់លោក Daniel Davis នៅតំបន់មជ្ឈិមបូព៌ា ក្រោយការស្លាប់មេទ័ពអ៊ីរ៉ង់ Qasem Sloleimani សកម្មភាពប្រឆាំងទាហានអាមេរិក បានកើនឡើងខ្ពស់ ដោយក្រុមឧទ្ទាមតែងតែលួចវាយឆ្មក់ទៅលើកម្លាំងទាហានអាមេរិក។
អ្នកឯកទេសវិភាគខាងលើបានបញ្ជាក់ថា ជាសំណាងដល់ទាហានអាមេរិក ដែលរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ នៅតែទុកកិត្តិយលដល់ទាហានអាមេរិក ដោយវាយប្រហារចំកន្លែងដែលមិនមានទាហានអាមេរិក។ ទាំងនោះហើយទើបមិនបណ្តាលឲ្យទាហានអាមេរិក ស្លាប់ច្រើន ប៉ុន្តែ ក៏មានរបួសច្រើនផងដែរ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មន្ទីរបង់តាហ្គូនអាមេរិកបានបញ្ជាក់ថា ទាហានអាមេរិក៥០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរបួសផ្នែកខួរក្បាល ក្រោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើបន្ទាយយោធាអាមេរិកនៅអ៊ីរ៉ាក់ ។
នៅមុនដំបូងបំផុត ប្រធានាធិបតីដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកប្រកាសថា មិនមានទាហានណាម្នាក់ រងរបួស ឬបាត់បង់ជីវិតដោយសារលទ្ធផលវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅក្នុងទឹកដីអ៊ីរ៉ាក់នោះឡើយ ។
លោកវរសេនីយ៍ទោ Thomas Campbell អ្នកនាំពាក្យមន្ទីរបង់តាហ្គូនបានថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែមករាថា «រហូតមកដល់ពេលនេះ ទាហានអាមេរិក៥០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចេញលទ្ធផលឃើញរបួសផ្នែកខួរក្បាល ។ ពួកគេរងរបួសដោយសារតែការវាយប្រហារទៅលើបន្ទាយជើងអាកាស Ain al-Asad ស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ។
រោគសញ្ញារងរបួសខួរក្បាលនេះ រួមមាន ការឈឺក្បាល, វិលមុខ, ស្រៀវស្រាញ់ពេលប៉ះនឹងពន្លឺថ្ងៃ និងការក្អួតចង្អោរផងដែរ ។
អ្នកនាំពាក្យ Campbell បានបញ្ជាក់ថា ទាហានរងរបួស៣១នាក់ក្នុងចំណោម៥០នាក់ ដែលទទួលព្យាបាលនៅអ៊ីរ៉ាក់បានវិលត្រឡប់មកបំពេញភារកិច្ចវិញហើយ ក្នុងនោះរួមទាំងទាហាន១៥នាក់ដែលទើបធ្វើរោគវិនិច្ឆ័យថ្មីៗ ។
ទាហាន១៨នាក់ទៀតត្រូវបញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីវាយតម្លៃ និងព្យាបាលបន្ថែមទៀត ខណៈដែលទាហានម្នាក់ទៀតបញ្ជូនទៅកាន់គុយវ៉េត ហើយបានវិលត្រឡប់ទៅបំពេញកាតព្វកិច្ចដូចដើមវិញ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលជាង២០គ្រាប់ទៅលើមូលដ្ឋានយោធាជើងអាកាសអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ សងសឹកទៅលើអាមេរិកដែលបានវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់មួយរូបកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នៅទីក្រុងបាដាដ ។
នៅពេលនេះទាហានអាមេរិក នៅក្នុងតំបន់មជ្ឈឹមបូព៌ា កាន់តែមានគ្រោះថ្នាក់ ដោយកតាផ្សេង ពិសេសគឺការលួចវាយឆ្មក់ពីក្រុមឧទ្ធាម ។ ដូច្នេះបើអាមេរិក មិនចង់ឲ្យទាហានស្លាប់កាន់តែច្រើន គួតែដកចេញឲ្យទាន់ពេលវេលា។
មិនថាទីតាំងយោធានោះឡើយសូម្បីតែទីតាំង ការបរទេសក្នុងនោះមានទាំងស្ថានទូតអាមេរិក ពលរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ក៏រងការគំរាមកំហែង ដល់ជីវិតនោះដែរ។ កាលពីថ្ងៃអាទិតកន្លងមកក្រុមឧទ្ទាមបានវាយប្រហារដោយរ៉ុក្កែត៣គ្រាប់ទៅលើទីតាំង ដែលមានសុវត្ថិភាពបំផុត របស់អ៊ីរ៉ាក់ ហើយរ៉ុក្កែតធ្លាក់នៅក្បែរស្ថានទូតអាមេរិក ។ ការវាយប្រហារនេះបានកើតឡើងមិនដល់មួយសប្តាហ៍ពីការវាយប្រហារកាលពីលើកមុននេះ គ្រាប់រ៉ុក្កែតបានធ្លាក់នៅតំបន់ការពារដ៏រឹងមាំរបស់អាមេរិកថែមទៀតផង ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Adil Abd al-Mahdi និយាយអំពីការវាយប្រហារ ដោយលោក បានសម្តែងការខឹងសម្បារចំពោះអំពើវាយប្រហារនេះ ដែលចេះតែនៅបន្តកើតមានរបស់ក្រុមប្រដាប់អាវុធអ៊ីរ៉ង់ប្រឆាំងមកលើទីតាំងមូលដ្ឋានអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាមេរិកដែលបានផ្សព្វផ្សាយ។
ប្រភពបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការវាយប្រហារទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការមិនគោរពកោតក្រែងចំពោះដែនអធិបតេយ្យអ៊ីរ៉ាក់ ក៏ដូចជាបរាជ័យនៅក្នុងការគ្រប់គ្រងទៅលើក្រុមប្រដាប់អាវុធប្រកបដោយគ្រោះថ្នាក់ទាំងនេះ។ លោករដ្ឋមន្ត្រីបានជំរុញឲ្យនាយករដ្ឋមន្ត្រី Abd al-Mahdi ពង្រឹងសន្តិសុខដើម្បីការពារបុគ្គលិកអាមេរិក ក៏ដូចទីតាំងមូលដ្ឋានទូតអាមេរិកនោះផង ៕