ការវាយប្រហារគ្នារវាង ក្រុមឧទ្ទាមហូធី និងកម្លាំងទាហានបណ្តាប្រទេសអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីត កើនឡើងខ្ពស់រយៈពេលចុងក្រោយនេះបណ្តាលឲ្យពលរដ្ឋជាច្រើនស្លាប់និងភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ ទាំនោះហើយ បានជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយបន្តពិភាក្សាស្វែងរកសន្តិភាព។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេមែន ផ្ទុះឡើងនៅឆ្នាំ២០១៥ រហូតមដល់សព្វថ្ងៃនេះ មិនទាន់រកសន្តិភាពឃើញនៅឡើយទេ ។ សង្គ្រាមនេះសម្លាប់មនុស្សជាង ១០០ ០០០នាក់ របួសជាង ៤៩,៩៦០នាក់ និងជាង៣លាននាក់បាត់បង់ទីជម្រក ជាពិសេសបង្កឲ្យមានវិបិត្ដផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ។
ក្រុមប្រឹក្សាសន្តិសុខបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការវិលត្រឡប់ទៅរកអំពើហិង្សាជាថ្មីនៅក្នុងប្រទេសយេមែន ហើយការប្រយុទ្ធគ្នាពេលនេះ នឹងធ្វើឲ្យខូចដល់ដំណើរការដែលបានព្រមព្រៀងគ្នាថ្មីៗ ឆ្ពោះទៅរកកាត់បន្ថយអំពើហិង្សានៅក្នុងប្រទេសយេមែន ។ ក្រុមប្រឹក្សាសន្តិសុខស្នើឲ្យការប្រយុទ្ធនៅទីនោះស្ងប់ស្ងាត់ដើម្បីជាបរិយាកាសល្អដល់ភាគីពាក់ព័ន្ធឆ្ពោះទៅរកការចរចាគ្នាគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំចរចាដោយអង្គការសហប្រជាជាតិ ហើយជាពិសេសនោះ គឺអាចចរចាឈានដល់រៀបចំនយោបាយ និងសន្តិសុខ ឆ្ពោះទៅរកការបញ្ចប់ជម្លោះ ផ្លាស់ប្តូររកសន្តិភាពពេញលេញ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាន់ជំហរបែបនេះ បន្ទាប់ពីលោក Martin Griffiths បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហានៅយេមែន ថ្មីៗនេះបានជំរុញឲ្យភាគីជម្លោះយេមែនបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធគ្នា មុនពេលវានៅមិនទាន់ហួសពេល ។ តិចជាងពីរសប្តាហ៍កន្លងទៅនេះ លោក Griffiths បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការថយចុះយ៉ាងសំខាន់ប្រតិបត្តិការយោធានៅក្នុងប្រទេសយេមែន។ លោកបានសង្ឃឹមថា ស្ថានភាពបែបនេះ អាចនាំទៅរកកិច្ចពិភាក្សាគ្នារវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមហូធី គាំទ្រដោយអ៊ីរ៉ង់ បញ្ចប់សង្គ្រាមរយៈពេល៥ឆ្នាំ នៅប្រទេសក្រីក្របំផុតរបស់ពិភពលោកមួយនេះ ។ កម្លាំងសម្ពន្ធអារ៉ាប់គាំទ្រដោយអាមេរិកបានប្រយុទ្ធក្នុងសមរភូមិដើម្បីលើកបន្តុបឡើងវិញរដ្ឋាភិបាលយែមែនមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ។ កម្លាំងនេះបានបង្កើនវាយប្រហារតាមអាកាសអំឡុងប៉ុន្មានថ្ងៃថ្មីៗនេះគោលដៅលើទីតាំងក្រុមឧទ្ទាមនៅភាគឦសាន រដ្ឋធានី សាណា ខណៈដែលក្រុមឧទ្ទាមហូធី មិនបាននៅស្ងៀមនោះទេ វាយបកទៅលើទីតាំងគ្រប់គ្រងដោយរដ្ឋាភិបាលវិញផងដែរ ។ ដោយ៖ ម៉ែវ សាធី