UN ស្នើក្រុមហូធី និងសម្ព័ន្ធអារ៉ាប់ឈប់វាយប្រហារគ្នានៅយេមែន

ចែករំលែក៖

ការវាយប្រហារគ្នារវាង ក្រុមឧទ្ទាមហូធី និងកម្លាំងទាហានបណ្តាប្រទេសអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីត​ កើនឡើងខ្ពស់រយៈពេលចុងក្រោយនេះបណ្តាលឲ្យពលរដ្ឋ​ជាច្រើនស្លាប់និងភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព​។ ទាំនោះហើយ បានជា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអំពាវនាវ​ឲ្យបញ្ឈប់​​ការប្រយុទ្ធគ្នា​ ហើយបន្តពិភាក្សាស្វែងរកសន្តិភាព។

សង្គ្រាមស៊ីវិល​នៅក្នុងប្រទេសយេមែន ផ្ទុះឡើង​នៅឆ្នាំ២០១៥ រហូតមដល់សព្វថ្ងៃនេះ មិនទាន់រកសន្តិភាពឃើញនៅឡើយទេ ។ សង្គ្រាមនេះ​សម្លាប់មនុស្សជាង ១០០ ០០០នាក់ របួសជាង ៤៩,​៩៦០នាក់ និងជាង​៣លាននាក់​បាត់បង់ទីជម្រក ជាពិសេស​បង្កឲ្យមានវិបិត្ដផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ។

ក្រុមប្រឹក្សាសន្តិសុខ​បានសម្តែង​ការខកចិត្តយ៉ាងខ្លាំង​​ចំពោះការវិលត្រឡប់​ទៅរកអំពើហិង្សា​ជាថ្មី​នៅក្នុងប្រទេសយេមែន ហើយការប្រយុទ្ធគ្នាពេលនេះ នឹងធ្វើឲ្យខូចដល់ដំណើរការដែលបានព្រមព្រៀងគ្នា​ថ្មីៗ​ ឆ្ពោះ​ទៅរក​កាត់បន្ថយ​អំពើហិង្សា​នៅក្នុងប្រទេសយេមែន ។ ក្រុមប្រឹក្សា​សន្តិសុខ​ស្នើឲ្យការប្រយុទ្ធនៅទីនោះ​ស្ងប់ស្ងាត់​ដើម្បីជាបរិយាកាស​ល្អ​ដល់ភាគី​ពាក់ព័ន្ធ​ឆ្ពោះទៅរកការចរចាគ្នា​គ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំចរចាដោយ​អង្គការសហប្រជាជាតិ ហើយជាពិសេសនោះ​ គឺអាចចរចាឈានដល់​រៀបចំ​នយោបាយ និងសន្តិសុខ​ ឆ្ពោះទៅរកការបញ្ចប់​ជម្លោះ ផ្លាស់ប្តូររកសន្តិភាពពេញលេញ ។ 

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រកាន់ជំហរបែបនេះ​ បន្ទាប់ពី​លោក Martin Griffiths បេសកជនពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុកបញ្ហានៅយេមែន​​ ថ្មីៗនេះបានជំរុញឲ្យ​ភាគីជម្លោះ​យេមែន​បញ្ឈប់ជាបន្ទាន់​ការប្រយុទ្ធគ្នា មុនពេលវានៅមិនទាន់ហួសពេល ។ តិចជាងពីរសប្តាហ៍​កន្លងទៅនេះ លោក Griffiths បានរាយការណ៍​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​អំពី​ការថយចុះយ៉ាងសំខាន់​ប្រតិបត្តិការយោធា​នៅក្នុងប្រទេសយេមែន។ លោកបានសង្ឃឹមថា ស្ថានភាពបែបនេះ អាចនាំទៅរកកិច្ចពិភាក្សា​គ្នា​រវាង​កម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមហូធី ​គាំទ្រដោយអ៊ីរ៉ង់ បញ្ចប់​សង្គ្រាម​រយៈពេល​៥ឆ្នាំ នៅប្រទេសក្រីក្របំផុត​របស់ពិភពលោកមួយនេះ ។ កម្លាំងសម្ពន្ធអារ៉ាប់​គាំទ្រដោយអាមេរិក​បានប្រយុទ្ធក្នុងសមរភូមិ​ដើម្បីលើក​បន្តុបឡើងវិញ​រដ្ឋាភិបាល​យែមែន​មួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ។ កម្លាំងនេះ​បានបង្កើន​វាយប្រហារ​តាមអាកាស​អំឡុងប៉ុន្មានថ្ងៃថ្មីៗនេះ​គោលដៅ​លើទីតាំង​ក្រុមឧទ្ទាម​នៅភាគ​ឦសាន រដ្ឋធានី សាណា ខណៈដែល​ក្រុមឧទ្ទាមហូធី មិនបាននៅស្ងៀមនោះទេ វាយបកទៅលើទីតាំងគ្រប់គ្រងដោយរដ្ឋាភិបាលវិញផងដែរ ។ ដោយ៖ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print