ភ្នំពេញ៖ ការបញ្ជាក់លើលិខិតថតចម្លងបញ្ជាក់ប័ណ្ណសម្គាល់ទោចក្រយានយន្ត រថយន្ត (កាតគ្រីម៉ូតូ-ឡាន) ត្រឹមត្រូវដូចបណ្ណសម្គាល់ច្បាប់ដើមនោះ នៅក្នុងរាជធានីភ្នំពេញបានចាប់ផ្តើម ធ្វើជាបណ្តើរៗហើយ ។
ជាក់ស្តែងនៅសាលាខណ្ឌសែនសុខ បានបម្រើសេវាថតចម្លងបញ្ជាក់ប័ណ្ណសម្គាល់ទោចក្រយានយន្ត រថយន្ត (កាតគ្រីម៉ូតូ-ឡាន) ត្រឹមត្រូវដូចបណ្ណសម្គាល់ច្បាប់ដើមនៅទីតាំងការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌសែនសុខ រយៈពេលច្រើនថ្ងៃមកហើយដោយយកតម្លៃសេវា ១.០០០រៀលក្នុងមួយសន្លឹកប៉ុណ្ណោះ។
លោក អ៊ីយូរ៉ា មុនី ប្រធានការិយាល័យច្រកចេញចូលតែមួយរបស់សាលាខណ្ឌសែនសុខបានប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី ៦ខែមករានេះថា សាលាខណ្ឌសែនសុខ បានមានក្តីសោមនស្សរីករាយក្នុងការបម្រីសេវា បញ្ជាក់លើឯកសារថតចម្លងបញ្ជាក់ ប័ណ្ណសម្គាល់ទោចក្រយានយន្ត រថយន្ត(កាតគ្រីម៉ូតូ-ឡាន) គ្រប់ប្រភេទឲ្យតែមានឯកសារដើមត្រឹមត្រូវ មិនថាជាប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខ ឬខណ្ឌណានោះទេ ។
លោកប្រធានការិយាល័យច្រកចេញចូលតែមួយបន្តថា ឯកសារដែលយកទៅបញ្ជាក់ នោះគ្មានអ្វីច្រើនទេគឺមានតែច្បាប់ដើម( ប័ណ្ណសម្គាល់ទោចក្រយានយន្ត រថយន្ត)មួយសន្លឹក ដើម្បីយើងពិនិត្យថាត្រឹមត្រូវ យើងនឹងបញ្ជាក់ថា បានចម្លងត្រឹមត្រូវតាមច្បាប់ដើម និងបង់ថ្លៃសេវាតែ១០០០រៀលប៉ុណ្ណោះ ។ ការបញ្ជាក់នេះអាចយកទៅបំពេញលិខិតផ្សេងៗជាផ្លូវការបានពាក់ព័ន្ធនឹងយានយន្តទាំងនោះ និងជាពិសេសចៀសវាងការបាត់បង់បណ្ណដើម(ស៊ីន)ហើយគ្មានអ្វីទុកជាឯកសារត្រឹមត្រូវ។
លោក អ៊ីយូរ៉ា មុនី បានបញ្ជាក់ថា ការថតចម្លងបញ្ជាក់ប័ណ្ណសម្គាល់ទោចក្រយានយន្ត រថយន្ត (កាតគ្រីម៉ូតូ-ឡាន) ត្រឹមត្រូវដូចប័ណ្ណសម្គាល់ច្បាប់ដើមនេះមិនមែនធ្វើនៅតែខណ្ឌសែនសុខមួយទេ គឺអាចធ្វើបានតាមការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌទាំង១២ នៃសាលារាជធានីភ្នំពេញ ដោយគ្រាន់តែខណ្ឌខ្លះកំណត់ធ្វើក្នុងមួយសប្តាហ៍ ពីរ ឬ បីថ្ងៃប៉ុណ្ណោះ ។ សម្រាប់ខណ្ឌសែនសុខវិញធ្វើជូនប្រជាពលរដ្ឋរាល់ថ្ងៃធ្វើការ ហើយក្នុងមួយថ្ងៃៗ មានអ្នកទៅធ្វើមិនតិចជាង១៥០នាក់ឡើយ ៕
ដោយ៖ ប្រាថ្នា