ភ្នំពេញ៖ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែន កាលពីព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនកាដូមួយថែមទៀតដល់បងប្អូនជនរួមជាតិទាំងអស់ ក្នុងខួប៧ មករា ២០១៦ ។
សម្តេចបានសរសេរទាំងស្រុងយ៉ាងដូច្នេះថា៖«ជនរួមជាតិជាទីគោរពស្រឡាញ់ !
ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេស យុវជននិងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់អោយបង់ថ្លៃទាំងស្រុងក្នុងការធ្វើប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា។ ខ្ញុំនឹងស្នើទៅអង្គការនីតិបញ្ញត្តិដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
នេះគឺជាកាដូមួយថែមទៀតដល់បងប្អូនជនរួមជាតិទាំងអស់នៅក្នុងខួប ៧ មករា ២០១៦ នេះ !» ៕