អង្គគ្លេសជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក កន្លងមកបានបានធ្វើប្រងើយចំពោះការព្រមានពីអាមេរិក ដោយអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនចូលរួម បង្កើតបណ្តាញសេវា អត់ខ្សែជំនន់ទី៥ 5G ។ សកម្មភាពខាងលើ ធ្វើឲ្យអ្នកនយោបាយអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។
នៅពេលនេះក្រុមអ្នកនយោបាយអាមេរិក ចំនួន៤២នាក់ បានជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស ពិនិត្យនូវការសម្រេចចិត្តរបស់ខ្លួនឡើងវិញ ចំពោះការអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ដំឡើងបណ្ដាញ 5G នៅក្នុងប្រទេសនេះ។
យោងតាមលិខិតមួយច្បាប់ ចុះថ្ងៃទី៣០ ខែមករា ដែលទទួលបានដោយ Defence News បានឲ្យដឹងថា សមាជិកសភាអាមេរិក មានការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងបណ្ដាញទិន្នន័យថ្មីរបស់ចក្រភពអង់គ្លេស។ អ្នកនយោបាយអាមេរិក បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាសន្ដិសុខជាតិ។ ការសម្រេចចិត្តរបស់អង់គ្លេសបែបនេះ គឺជាការប្រកបដោយគ្រោះថ្នាក់បំផុត។
លោក Boris Johnson នាយករដ្ឋមន្រ្ដីអង់គ្លេស បានសម្រេចចិត្តប្រកបដោយភាពចម្រូងចម្រាស ចំពោះការអនុញ្ញាតដល់ក្រុមហ៊ុនចិន នៅក្នុងបណ្ដាញទិន្នន័យរបស់ខ្លួននាពេលអនាគត។
នៅក្នុងលិខិត ដែលបានបែកធ្លាយ កាលពីថ្ងៃទី៤ ខែកុម្ភៈ សមាជិកសភាអាមេរិក បានជំរុញយ៉ាងខ្លាំងដល់គណៈកម្មាធិការការពារជាតិរបស់សភាអង់គ្លេស ត្រូវតែពិចារណាឡើងវិញ ចំពោះការសម្រេចចិត្ដប្រើប្រាស់ 5G របស់ក្រុមហ៊ុនចិន។ ការសម្រេចចិត្តនេះ អាចនាំឲ្យអង់គ្លេស និងសម្ពន្ធមិត្ត ដើរលើផ្លូវមួយប្រកបដោយគ្រោះថ្នាក់បំផុត។
អាមេរិក បានចាត់ទុកថា រដ្ឋាភិបាល និងវិស័យឧស្សាហកម្ម នៅក្នុងប្រទេសចិន ធ្វើការរួមគ្នា ដើម្បីពង្រីកឥទ្ធិពល នៃបក្សកុម្មុយនីស្ដចិន។ អាមេរិក បានដាក់ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយ សារព្រួយបារម្ភថា ក្រុមហ៊ុនចិនមួយនេះ មានទ្វារក្រោយ សម្រាប់យកការណ៍សម្ងាត់ទៅឲ្យរដ្ឋាភិបាលចិន៕