ខេត្ដកណ្ដាល៖ ប្រជាពលរដ្ឋនៅឃុំស្វាយជ្រំបានឱ្យដឹងថា ផ្ទៃដីបឹងសម្រាប់ត្រី ពងកូនទំហំជាង១០០ហិកតា ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាលពេលនេះកំពុងធ្លាក់ក្នុងកណ្ដាប់ដៃ ឧកញ៉ា ឈ្មោះ លី សេងឃាង ។
តាមសេចក្ដីរាយការណ៍ថា ផ្ទៃដីបឹង កាច់ដែលជាកន្លែងត្រីពងកូននិងសម្រាប់ ឱ្យប្រជាពលរដ្ឋនេសាទនោះពេលនេះត្រូវ បានឧកញ៉ា លី សេងឃាង លើកទំនប់ព័ទ្ធ យកនិងគ្រោងបូមដីចាក់បំពេញ ។ ប្រភព បន្ដថាដីទាំងនោះឧកញ៉ាបានប្រមូលទិញពីប្រជាពលរដ្ឋដែលអាស្រ័យផលដោយពុំមានប្លង់ និងខ្លះច្បាមយកឆៅៗតែម្ដង តាមរយៈការឃុបឃិតគ្នាជាប្រព័ន្ធជា មួយអាជ្ញាធរមូលដ្ឋាន ។
លោកឧកញ៉ាលី សេងឃាង មិនអាច ស្វែងរកសុំការបំភ្លឺចំពោះការចោទប្រកាន់ខាងលើបាននៅឡើយទេនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ។
លោក ហ៊ុន កន មេឃុំស្វាយជ្រំបាន ថ្លែងថា ផ្ទៃដីបឹងខាងលើកន្លែងខ្លះប្រជា ពលរដ្ឋបានអាស្រ័យផលជាយូរមកហើយ ដោយដាំស្រូវ និងឈូក នាដូវទឹកសម្រក ប៉ុន្ដែពួកគាត់គ្មានប្លង់កាន់កាប់ស្របច្បាប់ទេ ។ លោកបន្ដថា បច្ចុប្បន្នមានឧកញ៉ា និងអ្នកមានអំណាចខ្លះបានបញ្ចុះបញ្ចូល ប្រជាពលរដ្ឋឱ្យលក់ដីឱ្យពួកគេដោយ បំពានច្បាប់ ។
យ៉ាងណាក៍ដោយក្នុងគោលបំណង ចង់រក្សាពពួកមច្ឆជាតិ និងទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍មនុស្សជំនាន់ក្រោយ កុំឱ្យ ធ្លាក់ចូលក្នុងដៃឈ្មួញអ្នកមានលុយមាន អំណាចមួយក្ដាប់តូចប្រជាពលរដ្ឋបានសំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជា មន្ដ្រីជំនាញចេញវិធានការទប់ស្កាត់ជាបន្ទាន់ក្នុងនោះក៏ស្នើឱ្យមានការផ្ដន្ទា ទោសដល់អ្នកធ្វើព្យុះធ្វើភ្លៀងជំរុញឱ្យ មានការទិញ-លក់ដីរដ្ឋផងដែរ ។
ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំបាន និយាយថា អាជ្ញាធរមូលដ្ឋានឃុំនិងស្រុក រុញដាក់គ្នា អំពីករណីលក់ដីបឹងរួមខាង លើនេះ ។ ពោលគឺមន្ដ្រីថ្នាក់ឃុំចោទ ថ្នាក់ស្រុក ។ រីឯអាជ្ញាធរស្រុកចោទថា អភិបាលស្រុកជំនាន់មុនជាអ្នកលក់បឹង នោះ ។ ដូច្នេះករណីលក់បឹងខាងលើនេះ គ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ទេ ។ យ៉ាងណាក៏ដោយខាងក្រុមហ៊ុនបាននឹង កំពុងឈូសឆាយផ្ទៃបឹងនោះ ទំនងជារៀបចំ ឱ្យក្លាយជាដីឡូត៍សម្រាប់លក់ ។
បើតាមប្រជាពលរដ្ឋមិនមែនតែដី បឹងនៅឃុំស្វាយជ្រុំនេះទេ ដែលត្រូវអាជ្ញា ធរឃុបឃិតគ្នាលក់ ។ ដីបឹងតំបន់ផ្សេង ទៀតក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល ក៏ ត្រូវបានអាជ្ញាធរលក់ឱ្យឈ្មួញស្ទើរតែ អស់ទៅហើយដែរ ។
ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរខេត្ដកណ្ដាលចុះពិនិត្យករណីខាងលើនេះផង បើពុំដូច្នេះទេ បឹងធម្មជាតិរួមរបស់សហ គមន៍នឹងត្រូវគេលក់ឱ្យឯកជនគ្រប់គ្រង អស់ហើយ ៕
ដោយ៖ ហេង នរិន្ទ្រ