ខេត្តបន្ទាយមានជ័យ៖ នាព្រឺកថ្ងៃ ពុធ ១២ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភក្រ្តា បានអញ្ជើញសំណេះសំណាល និងត្រួតពិនិត្យដំណើរការការងារចតាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
មន្រ្តីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការអញ្ជើញចុះត្រួតពិនិត្យប៉ុស្តិ៍ចត្តាឡីស័ករបស់រដ្ឋមន្ត្រីនាពេលនេះ ដើម្បីបង្កើនការយកចិត្ដទុកដាក់បន្ថែមទៀត ទប់ស្កាត់ការកើតឡើងពីការចម្លង វីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស ដែលកំពុងផ្ទុះឡើង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កុំឱ្យចូលមកកម្ពុជា។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «មន្ដ្រីក្រុមការងាររបស់យើង បានពង្រឹងការងារយ៉ាងយកចិត្ដទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវការត្រួតពិនិត្យ តាមដានស្ថានភាពអ្នកធ្វើដំណើរមកស្រុកយើងផងដែរ»។ លោករដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះការយកចិត្ដទុកដាក់ខ្ពស់របស់មន្រ្តីចត្តាឡីស័ក ដែលខិតខំបំពេញកិច្ចការងារប្រចាំការត្រួតពិនិត្យកំដៅ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ទាំងអស់ និងបានណែនាំឲ្យយកចិត្តទុកដាក់ថែរទាំ ម៉ាស៊ីនស្កែនមើលកំដៅ ក៏ដូចជាសម្ភារបរិក្ខារផ្សេងទៀត។ ជាងនេះទៅទៀត រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានទៅពិនិត្យ បន្ទប់ថ្មីនៃប៉ុស្តិ៍ចត្តាឡីស័ក ដែលស្ថិតនៅជាប់ផ្នែកបែបបទចូលប្រទេសនៅខាងមុខនៃប៉ុស្តិ៍នគរបាលច្រកកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរ។
មន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យ ដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ។
លើសពីនោះ ក្រសួងក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ផងដែរ ដើម្បី ត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាល តាំងពីដើមខែមករាឆ្នាំ២០២០មកម៉្លេះ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់មន្ទីរពេទ្យ ដែលបានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឱ្យនៅដាច់ដោយឡែក ក៏ត្រូវយកមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើការករណី មានអ្នកដំណើរណាមួយ មានសញ្ញាសង្ស័យថា មានវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងខ្លួន។ ជាពិសេស ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវគួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។
* ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរណ៍។
* ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។
* ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។
* អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។
* បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
ប្រសិនបើសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយ អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115៕
សហការី